(ភ្នំពេញ)៖ ចម្រៀងមួយបទក្រោមចំណងជើងថា «Side by Side» ឬមានន័យជាភាសាខ្មែរថា «នៅក្បែរគ្នា» ដែលជាបទចម្រៀងត្រូវបានច្រៀងរួមគ្នាដោយតារាចម្រៀងល្បីៗ មកពីប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាចម្រៀងដ៏ល្បីរបស់កម្ពុជា គឺកញ្ញា មាស សុខសោភា ក៏បានចូលរួមច្រៀងក្នុងបទចម្រៀងនេះ។ ក្រៅពីនោះទង់ជាតិ និងទិដ្ឋភាពផ្នែកខ្លះរបស់កម្ពុជា ព្រមទាំងរបស់សមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏ត្រូវបានបង្ហាញនៅក្នុងបទចម្រៀង ដែលមានចំណងជើងថា «Side by Side» មួយនេះផងដែរ។

យោងតាមក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បទចម្រៀងនេះ វាត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈ នៃកិច្ចប្រជុំកំពូលវប្បធម៌ច្នៃប្រឌិត នៃអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងឱកាស នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ នៅថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងប៊ូសាន និងយុទ្ធនាការសង្គមមួយ ដែលមានចំណងជើងថា «ការរីកលូតលាស់ជាមួយសិល្បៈ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីតបតាមការអញ្ជើញរបស់ លោក មូន ចែអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងគូសបញ្ជាក់អំពីខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ពីកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឲ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។ លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដរបស់ប្រជាជនខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖