(សៀមរាប)៖ ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កសាងអំពីថ្មភក់ ចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ នាពេលបច្ចុប្បន្ន ប្រាសាទនេះមានសភាពទ្រុឌទ្រោមរងការខូចខាតជាខ្លាំង ដោយជញ្ជាំងប្រាសាទមួយផ្នែកនៅជ្រុងនិរតីបានដួលរលំ និងខឿនប្រាសាទរលុះស្ទើរតែទាំងស្រុង។
ក្នុងគោលបំណងទល់ទ្រពង្រឹងប្រាសាទឱ្យជៀសផុតពីហានិភ័យ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានរៀបចំដំណើរការទល់ទ្រក្នុងដំណាក់កាលទី១ ចាប់ពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ហានិភ័យដែលបង្កឱ្យខូចខាតរចនាសម្ពន្ធប្រាសាទ បណ្តាលមកពីគ្រឹះប្រាសាទរលុះថ្មខឿនព័ទ្ធជុំវិញ។
លោកបន្តថា មេទ្វារមុខខាងកើតទ្រេតគ្មានលំនឹង ហើយជញ្ជាំងផ្នែកខាងលិចទ្រេត និងខាងក្រោមគ្មានថ្មសម្រាប់ទល់ទ្រ នៅជ្រុងនិរតីនៃជញ្ជាំងប្រាសាទមួយផ្នែកដួលរលំអស់ ហើយជញ្ជាំងខាងត្បូងគ្មានលំនឹង មានថ្មក្រៀកចេញពីគ្នាធ្វើឱ្យជ្រុងខាងត្បូងងាយនឹងរលំដោយសារខាងក្រោមបាត់ថ្មអស់ជាច្រើនដុំ។
អ្នកជំនាញរូបនេះឱ្យដឹងទៀតថា ដោយសារផ្នែកខាងត្បូងឈៀងខាងលិចថ្មប្រាសាទមួយចំហៀងត្រូវបានដួលរលំនៅជ្រុងនិរតី និងផ្នែកនៅសល់គ្មានលំនឹង ដូចនេះកំពូលរបស់វាមានហានិភ័យខ្ពស់ត្រូវការទល់ទ្របន្ទាន់ ដើម្បីឱ្យប្រាសាទឈរនៅរឹងមាំ។
បន្ថែមពីលើនេះ លោកបញ្ជាក់ថា មាន១ចំណុចជាហានិភ័យថ្មីដែលត្រូវការទល់ទ្រជាបន្ទាន់ ហើយមាន៤ចំណុចចាស់ត្រូវរើទល់ទ្រដើម្បីពង្រឹងឡើងវិញ និងរឹតខ្សែកាបចំនួន៣ខ្សែនៅកំពូលប្រាសាទ។
អ្នកជំនាញដដែលបន្តថា ជំហានទី១សមស្របទៅតាមអនុសាសន៍អាយស៊ីស៊ី-អង្គរ កាលពីខែឧសភា ឆ្នាំ២០១៩ ដែលបានចុះមកពិនិត្យជាក់ស្តែង និងបានផ្តល់អនុសាសន៍ជាជំហានទី២ ត្រូវសិក្សាសម្រង់ប្លង់មេទូទៅ ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ពន្ធរបស់ប្រាសាទ និងជំហានទី៣ ឈានទៅដល់ការជួសជុលប្រាសាទតែម្តង។
លោកបានបញ្ជាក់ថា នៅឆ្នាំ១៩១៩ សាលាបារាំងចុងបូព៌ា បានសម្អាតទីតាំងជុំវិញបរិវេណប្រាសាទ និងទល់ទ្រផ្នែកខ្លះដូចជាទាមដែក និងចាក់កំណល់បេតុងជាដើម។ លុះមកដល់នៅឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានទល់ទ្រ៤ទីតាំងបន្ថែមទៀត ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗរហូតមកដល់បច្ចុប្បន្ន៕