(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងយ៉ាងដូច្នេះថា អាគារស្នាក់នៅចំនួន ១៦ខ្នង នៅភូមិឡាវ៉ាឡា នឹងអាចកំណត់នូវទិសដៅមុខរបរសម្រាប់សិស្សមានពិការភាពដែលកំពុងសិក្សា និងស្នាក់នៅទីនេះផងដែរ។
លោកថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់នៅចំនួន ១៦ខ្នង ចំណាយទឹកប្រាក់សរុបប្រមាណជាជាង ១លានដុល្លារអាមេរិក ដែលជាថវិកាជំនួយឥតសំណងពីអង្គការដៃគូអភិវឌ្ឍន៍ និងមានការចូលរួមពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន លោក Brian Kinsella ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការសាមគ្គី ធម៌ម៉ារីស្តកម្ពុជា លោក Peter Carroll គណៈអភិបាលក្រុមបងប្រុសម៉ារីស្តប្រចាំប្រទេសអូស្ត្រាលី និងជាប្រធានអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនមានពិការភាពជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែល លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជានិច្ចកាល។ ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា ក៏បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ជួយដល់ការកសាងអាគារឡាវ៉ាឡាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹករលឹក និងគិតគូរជាប់ជានិច្ចនូវសុខទុក្ខនិងសុខមាលភាពរបស់កូនក្មួយ ដែលមានពិការភាពទាំងអស់គ្នា។
លោកបានបញ្ជាក់ថា «សមទ្ធិផលថ្មីនាពេលនេះ គឺពិតបានឆ្លុះបញ្ចាំងពីការចូលរួមដ៏ល្អប្រពៃពីសំណាក់មិត្តភ័ក្ត្រដៃគូរបរទេសទាំងអស់ដែលបានមកជួយដល់កម្ពុជា ដែលយើងទាំងអស់គ្នា បានកត់សម្គាល់ផងដែលថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយពេញលេញដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ គឺជាកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យពិការភាពប្រកបដោយភាពរឹងមាំ និងវិជ្ជមាន ដែលជាការបោះជំហានឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គរេរាំង ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នាផងដែរ»។
លោកបានបន្តថា ក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោកពិតជាមានមោទនភាពដោយបានដឹងថា សិស្សានុសិស្សមានពិការភាពទាំងអស់ នៃសាលាឡាវ៉ាឡា បានរស់នៅយ៉ាងសុខដុមរមនាជាមួយនឹងភាពអំណត់ បើទោះបីជាប្អូនៗក្មួយទាំងអស់មានពិការភាពក៏ដោយ ប៉ុន្តែពួកគេបានអភិវឌ្ឍន៍ទេពកោសល្យរៀងៗខ្លួនដូចសិស្សមិនមានពិការភាព និងបានចូលរួមសកម្មភាព ក្នុងសង្គមជាច្រើន។
លោកក៏អំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សដែលមានពិការភាពទាំងអស់ ខិតខំរកលទ្ធភាពដើម្បីជំរុញឲ្យប្អូនៗក្មួយៗមានពិការភាពនៅសាលាឡាវ៉ាឡា នេះ ដើម្បីបានទៅបន្តការសិក្សានៅកម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យថែមទៀត ព្រោះមានតែការវិនិយោគលើការសិក្សាទេ ដែលអាចជាទន់បំរុងសម្រាប់អនាគតភ្លឺស្វាងរបស់កូនៗដែលមានពិការភាពរបស់លោកអ្នក។
លោកបានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាឡាវ៉ាឡាថា ត្រូវបង្កើនលទ្ធភាពឲ្យជនមានពិការភាពបានចូលបំពេញការងារស្ម័គ្រចិត្តឲ្យខ្លាំងបន្តទៀត ដើម្បីទទួលបានបទពិសោធនៅក្នុងទីផ្សារការងារសេរី ព្រមទាំងបន្តកសាងសមត្ថភាពអំពីជំនាញទំនាក់ទំនង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្ត និងការកំណត់នូវទិសដៅមុខរបរសម្រាប់សិស្សមានពិការភាពដែលកំពុងសិក្សានិងស្នាក់នៅទីនេះ។
លោកក៏បានធ្វើការកោតសរសើរចំពោះអង្គការ Australian Marist Solidarity រាជរដ្ឋាភិបាលជប៉ុនតាមរយៈថវិកាកម្មវិធី Kusanone Grant មូលនិធិ Grapes for Humanity ម្ចាស់ជំនួយ Anonymous មូលនិធិ Mclennan, និង Sale of Capital Asset ដែលបានចូលរួមឧបត្ថម្ភកសាងអគារស្នាក់ចំនួន១៦ខ្នង ដែលបានចំណាយទឹកប្រាក់សរុបប្រមាណ ១,១៧៦,៧៣២ដុល្លាសហរដ្ឋអាមេរិច ដ៏មានសារៈសំខាន់នៃភូមិ “ភូមិឡាវ៉ាឡា” នេះឡើង ដើម្បីជាឧត្តមប្រយោជន៍របស់ជនមានពិការភាពកម្ពុជា។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងក្នុងពីធីនេះថា អង្គការសាមគ្គីធម៌ម៉ារីស្ដកម្ពុជាបានជួយកុមារ និងយុវជនពិការជាយូរមកហើយ ហើយមិនត្រឹមតែផ្ដល់នូវការអប់រំ កន្លែងស្នាក់នៅ ឬអាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយគាំទ្រដល់ការងាររបស់ពួកគេតាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជាកំព្យទ័រ និងថ្នាក់ភាសាអង់គ្លេស។ សកម្មភាពទាំងអស់នេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ក្នុងការផ្ដល់ឱកាសអប់រំ និងការងារដ៏ល្អប្រសើរសម្រាប់កុមារ និងយុវជន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏សង្ឃឹមយ៉ាងមុតមាំថា ផ្លូវដើរ និងបន្ទប់រៀននឹងត្រូវបានថែរក្សាឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព ដើម្បីឲ្យសិស្ស និងយុវជននឹងអាចទទួលបានការអប់រំដែលល្អប្រសើរក្នុងរយៈពេលវែងផងដែរ៕