(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាស ពីលទ្ធផលប្រជុំក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការរៀបចំពិធីបុណ្យព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
យោងតាមសេចក្តីជូនដំណឹង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានបែងចែកភារកិច្ចទៅតាមមុខងារទទួលខុសត្រូវទៅតាមស្ថាប័នរៀងៗខ្លួន។
បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវរំកិលពីវត្ដបទុមវតីរាជវរារាម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្ពោះទៅកាន់ព្រះមេរុ នៅមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជាព្រះសព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាដដែលនោះ។
សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀម បង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕