(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងទទួលបានប្រយោជន៍ធំ អំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពនាំចេញបានកាន់តែធំជាងមុន។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន» ដែលរៀបចំធ្វើឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បកស្រាយនូវសំនួរ «យើងមានការព្រួយបារម្ភទេ អំពីការធ្វើពាណិជ្ជកម្មទៅវិញទៅមក ដែលធ្វើឲ្យកម្ពុជាបាត់បង់ប្រយោជន៍ ព្រោះថា ប្រទេសកម្ពុជាជាប្រទេសតូច?» លោក ប៉ែន សុវិជាតិ បានលើកឡើងថា «ជាការពិតទៅប្រទេសតូច ដូចជាកម្ពុជា នៅក្នុងចំណោមអាស៊ាននេះ គឺជាប្រទេសដែលនឹងអាចទទួលបានប្រយោជន៍ធំ បើសិនជាយើងធ្វើពាណិជ្ជកម្មសេរី ជាមួយប្រទេសធំ ដូចជាប្រទេសចិន»។
លោក ប៉ែន សុវិជាតិ បានលើកឡើងថា កម្ពុជាជាទីផ្សារតូច ប៉ុន្ដែជាទីផ្សារ ដែលប្រទេសចិនចាប់អារម្មណ៍។ ហើយកម្ពុជាក៏មានលទ្ធភាព នឹងនាំផលិតផលកសិកម្មមួយចំនួនធំ ទៅកាន់ប្រទេសចិន ដែលកន្លងមកមិនអាច នាំចេញបានពេញទំហឹង។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺធ្វើឡើងដើម្បីជំរុញបង្កើន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោកថា ប្រទេសចិនបានយកចិត្ដទុកដាក់ មកលើទីផ្សារកម្ពុជា ដូច្នេះយើងចាប់អារម្មណ៍ថា លទ្ធភាពក្នុងការធ្វើវិនិយោគរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា នៅតែមានបន្ដទៅទៀត។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា សម្ដេចតេជោក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព ពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន ខណៈដែលបច្ចុប្បន្នកម្ពុជា មិនទាន់ប្រើឲ្យអស់លទ្ធភាពនៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សព្វថ្ងៃនេះ សូម្បីតែក្នុងក្របខណ្ឌអាស៊ានខ្លួនឯង អាស៊ានអត់ទាន់ប្រើប្រាស់ អស់សក្ដានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងអាស៊ាននោះទេ អាស៊ានគ្នាឯងចូលចិត្ត នាំចេញទៅប្រទេសដទៃ ប៉ុន្តែប្រទេសគ្នាឯងមិនសូវធ្វើនោះទេ លើកលែងតែប្រទេសថៃ ដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជា ជាង៦ពាន់លានដុល្លារ ក្នុងនោះថៃ នាំចូលកម្ពុជា៥ពាន់លានដុល្លារ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម ប្រមាណ៥ពាន់លានដុល្លារ ក៏វៀតណាមនាំចូលមកកម្ពុជា ប៉ុន្ដែកម្ពុជា ជាមួយនិងដៃគូដទៃទៀត ដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ពីទំនិញរបស់កម្ពុជា ក៏ដូចជាទំនិញរបស់មិត្ដភក្ដិយើង កម្ពុជាអត់ទាន់បានធ្វើទេ។
នៅដើមខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គ្រោងនឹងបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ប្រទេសទាំង២។ ប្រទេសចិន បានចាត់ទុកការបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២នេះ ជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនង មិត្តភាពរវាងចិន និងកម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរ បានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។
ការពិបាកនាំចេញ ទៅប្រទេសចិន គឺពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលរហូតមកដល់ពេលនេះ កសិផលមាន៤មុខប៉ុណ្ណោះ ដែលចិនអនុញ្ញាតឲ្យកម្ពុជា នាំចេញទៅប្រទេសរបស់ខ្លួនរួមមាន៖ ពោត, ដំឡូងមី, អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា៖ ស្វាយ, ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន, ដូងក្រអូបជាដើម៕