(កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទ សមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តប្រមាណ ៥៣៣គ្រួសារ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងព្រះរាជដំណើរតាមព្រះទីនាំងឧទ្ធម្ភាគចក្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។
មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដែលកត្តាទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជានុរាស្ត្រកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការក្នុងការជួយសង្រ្គោះប្រជារាស្ត្រ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ បានទាន់ពេលវេលា ដែលសកម្មភាពដ៏ប្រពៃនេះហើយបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។
ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរាស្ត្រជាកសិករទាំង ៥៣៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសឡា) ១គ្រឿង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាចំនួន១ ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់ (នំប៉័ងបាក់យ៉ុងចំនួន ២ដើម ទឹកបរិសុទ្ធ១ដប)៕