(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពត ជាមួយប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋយកមកដោះស្រាយជូនពួកគាត់។
ការបើកវេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងនៅបរិវេណវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកសំណូមពរចំនួន ១៣ចំណុច ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា នៃហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋាន ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយ ខណៈនោះត្រូវបានដោះស្រាយភ្លាមៗ ចំនួន២ករណី។
ទន្ទឹមនេះលោកមអភិបាលខេត្ត បានតម្រូវឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រាចចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពរដោយ កំណត់រយៈពេល១៥ថ្ងៃ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីឈានទៅធ្វើការដោះស្រាយឲ្យទាន់សភាពការណ៍ដែលប្រជាពលរដ្ឋត្រូវការ និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់ ឈរលើមូលដ្ឋានជំនឿជឿជាក់៕