(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថចំនួន ៥៣លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ឆាយា ឧត្តម ជំនួយការកុំព្យូទ័រលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបតែទទួលមរណភាពថ្មីៗនេះដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់សមាជិកដ៏ល្អមួយរូបនេះ ចេញពីជួរអង្គភាពកងរាជអាវុធហត្ថ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា មូលហេតុចម្បងក្នុងការបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ គឺធ្វើឡើងដោយចេញពីបេះដូង និងឆន្ទៈរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងទាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងគោលបំណងជួយទៅដល់បុគ្គលិក របស់កងរាជអាវុធហត្ថទូទាំងប្រទេសទាំងអស់ នូលពេលដែលជួបទុក្ខលំបាក និងជាការរួមចំណែកជួយទៅដល់ កិច្ចការងារសង្គម និងសប្បុរសធម៌។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តទៀតថា នាយឧត្តមសេនីយ៍ សៅ សុខា គឺមិនដែលបានបោះបង់ចោលនូវបុគ្គលិក ឬសមាជិកក្រុមគ្រួសាររបស់កងរាជអាវុធហត្ថទូទាំងប្រទេសមួយណាឡើយ នូវពេលដែលពួកគាត់បានជួបទុក្ខលំបាក។ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់បន្ថែមទៀតថា នេះគឺជាសពអាវុធហត្ថទី១១៥ ហើយដែលកងរាជអាវុធហត្ថ បានពាំនាំនូវមូលនិធិមហាគ្រួសារ មកជួយដល់ក្រុមគ្រួសារសព។
តំណាងក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណ ជូនទៅដល់ក្រុមការងារ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានអង្គភាពដ៏គំរូ ដែលតែងតែយកចិត្តទុកដាក់ ជួយទៅដល់ក្រុមគ្រួសារពួកគាត់ នូវពេលដែលកំពុងជួបទុក្ខលំបាក ដូចជាពេលនេះជាដើម៕