(ភ្នំពេញ)៖ ក្នុងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ ក្រោមប្រធានបទ «ការកំណត់ដំណាក់កាលសម្រាប់កំណើន» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែបើកឱកាសដល់វិស័យឯកជន អ្នកវិនិយោគក្នុងការបណ្ដាក់ដាក់ទុកវិនិយោគ និងពង្រីកការវិនិយោគលើវិស័យអេកូទេសចរណ៍កាន់តែទូលាយ។
វេទិកានេះត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក Steven Schipani អ្នកជំនាញផ្នែកទេសចរណ៍នៃ ADB លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា មន្ត្រីរាជការ អ្នកវិនិយោគ វាគ្មិនសំខាន់ៗមកពីស្ថានប័នរដ្ឋដែលមានការពាក់ព័ន្ធ ផ្នែកឯកជនក្នុងប្រទេស តំបន់ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២នេះ ផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ ១). ស្ថានភាពទីផ្សារ និងវិនិយោគទេសចរណ៍នៅកម្ពុជា ២). ការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៣).ការចែកជាក្រុម ផ្តោតលើផលិតផលប្រកបដោយសក្តានុពល និងការធ្វើពិពិធកម្មទីផ្សារ ៤). ការពិភាក្សាតុមូល៖ ការអភិវឌ្ឍ សហគ្រិនភាពទេសចរណ៍ និងការវិនិយោគ Incubator ៥).ការធ្វើឲ្យប្រសើរឡើងវិស័យទេសចរណ៍ ៦).ការខិតខំជំរុញពីការផ្គត់ផ្គង់ និងតម្រូវការ ៧).ការ វិនិយោគលើវិស័យអចលនទ្រព្យ និង៨).កិច្ចការផ្នែកច្បាប់ និងការបង់ពន្ធ។
ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសដាក់ចេញគោលនយោបាយជាតិអេកូទេសចរណ៍ ដែលមានការបើកឱកាសឱ្យអ្នកវិនិយោគបង្កើនការវិនិយោគកាន់តែទូលាយជាងមុន។
ដើម្បីជំរុញ គាំទ្រ និងជួយសម្រួលដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partner-PPP) ដើម្បីជំរុញការវិនិយោគរវាងរដ្ឋ និងឯកជន ដោយបង្កើតជាគណៈកម្មការអន្តរក្រសួងមួយ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមយន្តការ PPP នេះ រដ្ឋអាចផ្តល់ទ្រព្យសម្បត្តិ ដូចជាកោះ បឹងធម្មជាតិ សមុទ្រ ឧទ្យានជាតិ ឬសម្បត្តិទាំងឡាយដែលគ្រប់គ្រងដោយរដ្ឋដល់ដៃគូវិនិយោគ ឯកជនដើម្បីធ្វើការវិនិយោគ ហើយប្រាក់ចំណូលបានពីការវិនិយោគ ត្រូវបានបែងចែកជាមួយរដ្ឋតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។
លោកបានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពី ការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ដោយផ្តោតលើការអភិវឌ្ឍន៍ ក្នុងតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅកម្ពុជា។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ បានឯកភាពគម្រោងចំនួន ៨១៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ២២.៥ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លា។ ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ការវិនិយោគក្នុងវិស័យទេសចរណ៍មានកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណ ៤៧% ដោយឡែក ៨ខែ ឆ្នាំ២០១៩ ការវិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់ ៩៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
ដើម្បីត្រៀមលក្ខណៈទទួលទេសចរចំនួន ១៥លាននាក់ នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលមានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ រៀបចំធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ដោយផ្តោតលើជំនាញ។
ជាពិសេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត ទីក្រុងវៃឆ្លាត និងបៃតងប្រកបដោយភាពទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ សួនកម្សាន្តកុមារ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ផ្សារលក់ទំនិញទំនើបៗជាដើម។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាននៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របនឹងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០។
ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធក៏បាននិងកំពុងយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ឆ្នេរ-កោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងបៃតង បន្តកិច្ចខិតខំគ្រប់គ្រងឆ្នេរខ្សាច់ អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។
លោកបានស្នើឲ្យខេត្តតំបន់ឆ្នេរ ត្រូវយកចិត្តទុកដាក់កសាងឆ្នេរគំរូ ដើម្បីចូលរួមប្រលងប្រណាំងឆ្នេរស្អាតគំរូឲ្យបានផុលផុស។ ចំណែកក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការសម្របសម្រួល និងជួយជ្រោមជ្រែងដល់វិនិយោគិនទាំងឡាយ ដែលមានបំណងមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា៕