(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត សុខ ទូច នាពេលបច្ចុប្បន្ននេះរឹតបន្តឹងលើការធ្វើនិក្ខេបទថ្នាក់បណ្ឌិត ដើម្បីរក្សាគុណភាពធនធានមនុស្ស។ ជាមួយគ្នានេះ សម្តេចកបានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា ខិតខំស្រាវជ្រាវអ្វីដែលឆ្លើយតបនឹងភាពចាំបាច់ ហើយប្រើប្រាស់ជាធាតុចូលបាន។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន កបានរំលឹកអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយ គឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានរាជបណ្ឌិត្យសភាទាំងមុន និងក្រោយ ដែលខិតខំដឹកនាំក្នុងការស្រាវជ្រាវ។
សម្រាប់ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការស្រាវជ្រាវអំពីអ្វីដែលចាំបាច់ ហើយអាចយកទៅប្រើប្រាស់ជាធាតុចូលសម្រាប់ជាតិបាន ដែលការស្រាវជ្រាវ ត្រូវតែផ្សារភ្ជាប់នឹងលទ្ធផលដែលយកទៅអនុវត្ត។
ពាក់ព័ន្ធនឹងការស្រាវជ្រាវលើការផលិតទឹកដោះគោស្រស់របស់រាជបណ្ឌិតសភា សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា ខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានស្គាល់ ហើយខិតខំយ៉ាងណាបញ្ជ្រាបការយល់ដឹង ដើម្បីផ្លាស់ប្តូរទម្លាប់ការប្រើប្រាស់ ដោយសារតែឥរិយាបទរបស់ប្រជាពលរដ្ឋខ្មែរមិនសាមញនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ទាក់ទងទៅនឹងទឹកដោះគោ ដែលយើងផលិតបាន១ថ្ងៃ ៨០០លីត្រ ប៉ុន្តែយើងអត់មាននរណាទិញ បញ្ហារបស់យើង ស្ថិតនៅត្រង់ថា ទម្លាប់របស់ប្រជាជនរបស់យើងមិនសាមញ្ញនោះទេ ទាមទារនូវការកែប្រែទម្លាប់»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបង្ហាញអំពីចរិតខ្មែរថា ចរិតខ្មែរបើពាក់នាឡិកា គឺពាក់តែនាឡិកាស្វីស បើថ្នាំពេទ្យទាល់តែថ្នាំបារាំង បើវិទ្យុ ឬទូរទស្សន៍ទាល់តែរបស់ជប៉ុន។ សម្តេចបានបន្តថា៖ «ត្រូវកែប្រែទម្លាប់ឱ្យចេះប្រើប្រាស់របស់ខ្មែរយើងអញ្ចឹងត្រូវរកវិធី យើងក៏ត្រូវការផ្សព្វផ្សាយផលិតផលខ្មែរឱ្យប្រជាជនបានដឹង ជួនកាលគេមិនទាំងដឹងថា យើងផលិតបានផង»។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សវិញ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មាននិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន ៤១៦នាក់ ក្នុងនោះបរិញ្ញាបត្រជាន់ខ្ពស់៣០៨នាក់ ថ្នាក់បណ្ឌិត ១០៨នាក់ ហើយឥឡូវកំពុងមាននិស្សិតសិក្សានៅទីនេះ ៧៩៣នាក់ បរិញ្ញាបត្រជាន់ខ្ពស់២៤៩នាក់ ថ្នាក់បណ្ឌិត៥៤៦នាក់។ សម្តេចបានអបអរនឹងសមិទ្ធផលនេះ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីគុណភាពបណ្ឌិត។
សម្តេចបានបញ្ជាក់ថា «ទន្ទឹមនឹងការអបអរសាទរ ខ្ញុំហាក់ដូចជាមានកង្វល់ ទៅលើបេក្ខជនបណ្ឌិតច្រើនហួស បើសិនជាយើងមានបណ្ឌិត ចំនួននេះបន្ថែមទៀត បូកចំនួនបណ្ឌិតដែលបានបញ្ចប់ការសិក្សានៅទីនេះ បូកនឹងចំនួនបណ្ឌិតដែលបញ្ចប់ការសិក្សារួចហើយ ធ្វើឱ្យបណ្ឌិតដែលចេញពីរាជបណ្ឌិត្យសភា ឡើងដល់ជាង៦០០នាក់ ចាត់ទុកជាប្រទេសដែលមានបណ្ឌិតច្រើនជាងគេបង្អស់នៅលើពិភពលោក បើគិតពីចំនួនប្រជាពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកណែនាំនិក្ខេបទនៅរាជបណ្ឌិត្យសភាកម្ពុជា ទទួលនិស្សិតប៉ុន្មាន? សម្តេចកបានសួរនាំទៅកាន់សាស្រ្តចារ្យ ដែលណែនាំនិក្ខេបទ ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ ដើម្បីណែនាំនិក្ខេបទឱ្យគេឬអត់។
សម្តេចបានបញ្ជាក់ថា «ដើម្បីធានាឱ្យបានច្បាស់លាស់ នៅពេលការពារ កុំធ្វេសប្រហេសឱ្យសោះ ត្រូវចាត់តាំងក្រុមប្រឹក្សាការពារ មិនមែនការពារត្រឹម២ ទៅ៣នាក់ទេ»។ សម្តេចសង្ឃឹមថា ប្រទេសកម្ពុជា មិនមានបណ្ឌិតច្រើនហួស ដែលមិនសមត្ថភាពនោះទេ ប៉ុន្តែបើនរណាមានសមត្ថភាព អាចឱ្យពួកគេចប់ថ្នាក់បណ្ឌិតបាន។
សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលស្នើងសុំរៀបចំបន្ទប់ពិសោធនបំពាក់ដោយគ្រឿងបរិក្ខាសម្រាប់ការស្រាវជ្រាវបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍៕