(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រយៈពេល៤ថ្ងៃជាប់គ្នា គឺចាប់តាំងពីថ្ងៃទី១៨-១៩-២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ និងសង្កាត់ច្រាំងចំរេះទី២។
ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី អាន ផល្លា ជា ពិសី បានរំលឹកឡើងថា ទីណាមានពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗ ទីនោះតែងតែគេសង្កេតឃើញ វត្តមានរបស់កាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច។
លោកស្រីបញ្ជាក់ថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា៕