(កណ្ដាល)៖ ប្រជាពលរដ្ឋក្រីក្រចំនួន ២០០នាក់ មកពី ៥ឃុំ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលអំណោយសប្បុរសធម៌ តាមរយៈគណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង ដែលពិធីចែកអំណោយនេះ រៀបចំឡើងនៅក្នុងវត្តមហានិគ្រោធ ហៅវត្តចាស់ ស្ថិតក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ទី ថាញ់ឃៀត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បានបញ្ជាក់ថា ដោយមើលឃើញការខ្វះខាតរបស់ប្រជាពលរដ្ឋ ខេត្តកណ្តាលមួយចំនួនតូចនោះ ទើបគណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បាននាំយកអំណោយមួយចំនួនមកចែករំលែកជូនដល់ប្រជាពលរដ្ឋខេត្តកណ្តាល។
លោកថា នេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតីស្រឡាញ់រាប់អានគ្នា ដែលជានិច្ចជាកាលចំណងសាមគ្គីភាពរវាងខេត្តទាំង២ នៅតែបន្តទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោកបានបន្តថា ថ្វីត្បិតតែអំណោយជាគ្រឿងឧបភោគ បរិភោគដែលបានចែកនាពេលនេះ មិនអាចឆ្លើយតបបានទាំងស្រុងទៅនឹងការខ្វះខាតរបស់បងប្អូនក្តី តែវាពិតជាបានរួមចំណែក សំរាលការលំបាករបស់បងប្អូនបានមួយគ្រាដែរ ហើយការចែកអំណោយនេះក៏មិនប្រកាន់និន្នាការនយោបាយ និងគណបក្សណាឡើយ។
លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្ត និងក្នុងនាមរណសិរ្សសាមគ្កីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង ដែលបានឆ្លើយតបទាន់ពេលវេលា នៃការខ្វះខាតរបស់បងប្អូនទាំង ២០០នាក់ ដែលនេះជាសកម្មភាពមួយបង្ហាញឃើញនូវទឹកចិត្ត ឈឺឆ្អាល ដឹងសុខទុក្ខអ្នកជិតខាងភូមិផងរបងជាមួយគ្នា។
លោកស្រីបានបន្តថា សកម្មភាពនេះក៍បានបង្ហាញផងដែរនូវទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងរណសិរ្សសាមគ្គីអភិវឌ្ឃន៍មាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល ក្នុងការងារមនុស្សធម៌ ដែលធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ កាន់តែប្រសើរឡើង ស្ថិតស្ថេរគង់វង្ស ដើម្បីសម្រេចគោលដៅ ដែលជាឆន្ទៈរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងការធ្វើឲ្យមានចំណងទាក់ទង ភូមិផងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ។
សូមជំរាបថា អំណោយដែលប្រជាពលរដ្ឋ ទទួលបាននាពេលនេះ គឺ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ជាច្រើនមុខ រួមនិង ថវិកា ៣ម៉ឺនរៀលផងដែរ៕