(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើសុំឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នាំអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឲ្យប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនមួយកម្រិតថែមទៀត។
ការស្នើបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ ងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាស្សាហិរូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា រាជធានីភ្នំពេញបានកើតចេញពីទីក្រុង ដែលមិនមានមនុស្សរស់នៅសោះ រហូតបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សព្វថ្ងៃនេះ ហើយការអភិវឌ្ឍរីកចំរើននេះ ក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រទេសជប៉ុនផងដែរ ពិសេសអង្គកាចៃកា ដែលបានជួយយ៉ាងច្រើនលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតជាដើមហើយនៅពេលដ៏ខ្លីខាងមុខនេះតាមរយៈកម្ចីពីធានាគារ ADB ជប៉ុននឹងកសាងស្ថានីយទឹកស្អាតដ៏ធំមួយនៅខាងជើងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តទៀតថា ទន្ទឹមនឹងការរីកចំរើននេះ ភ្នំពេញក៏បានលេចចេញជាបញ្ហាប្រឈមជាច្រើនផងដែរ ដូចជា បញ្ហាកកស្ទះចរាចរណ៍ ដែលបញ្ហានេះជប៉ុន ក៏បានជួយយ៉ាងច្រើនផងដែរ មានទាំងការជួយលើការសិក្សាលើបញ្ហាលំហូរចរាចរណ៍ ការផ្តល់រថយន្តក្រុង និងការផ្តល់ជាបង្គោលភ្លើងស្តុបថ្មីចំនួន ១០០ ដើម្បីតម្លើងក្នុងរាជធានីភ្នំពេញ។
លោកថា «បញ្ហាការកកស្ទះសំរាម និងបញ្ហាស្ទះលូជាដើម ប៉ុន្តែបញ្ហានេះយើងបានធ្វើការដោះស្រាយជាបណ្តើរៗ ហើយជប៉ុនក៏បានជួយផងដែរ ដោយមកដល់ពេលនេះ ជប៉ុនតាមរយៈអង្កការចៃកា បាននិងកំពុងអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤។
លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះបញ្ហាសំរាមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២០ខាងមុខនេះ នឹងមានក្រុមហ៊ុនជាច្រើន ចូលរួមដេញថ្លៃលើសេវាប្រមូលសំរាមនេះ ហើយយើងនឹងជ្រើសរើសក្រុមហ៊ុនយ៉ាងតិច ៣ក្រុមហ៊ុន ដើម្បីប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ។
លោកជឿងជាក់ថា នៅពេលមានការប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមបែបនេះនោះ នឹងធ្វើឲ្យការគ្រប់គ្រង និងការប្រមូលសំរាមនឹងកាន់តែល្អប្រសើរជាងមុន។
លោក មិកាមិ ម៉ាស្សាហិរូ បានលើកឡើងដែរថា គោលបំណង នៃជំនួបពិភាក្សាជួបសម្តែងការគួរសមនាពេលនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រងសំណល់នៅក្នុងរាជធានីភ្នំពេញ ការទាញយកថាមពលពីសំណល់ (Waste Energy) និងពិភាក្សាលើបញ្ហាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត ក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿន ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថា ការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ ជារឿងមួយដែលលោកបានចាប់អារម្មណ៍ខ្លាំង ដោយនៅពេលខាងមុខនេះជប៉ុននឹងជួយលើបញ្ហានេះតាមរយៈជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យបានយល់ពីការទុកដាក់ និងផលប៉ះពាល់ពីបញ្ហាសំរាមនេះ។
ជាងនេះទៅទៀត លោកក៏នឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រង និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះផងដែរ៕