(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ថ្នាក់តំបន់ស្តីពី «ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សេវាកម្មហិរញ្ញវត្ថុឌីជីថល និងការទទួលបានហិរញ្ញវត្ថុរបស់ MSMEs សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសដែលមានការ អភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះធ្វើឡើងមានកិច្ចសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UNESCAP)។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណងជួយអ្នកតាក់តែងគោលនយោបាយ ឲ្យយល់អំពីតួនាទីនៃការធ្វើបរិយាប័ន្នហិរញ្ញវត្ថុដោយសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំង១២ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរួមទាំងកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា គឺជាប្រទេសធ្លាប់ញ៉ាំញីដោយសង្រ្គាម និងជាប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម តែបច្ចុប្បន្ន កម្ពុជាបានប្រែមុខមាត់ថ្មី ក្លាយទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ រយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលគោលនយោបាយនេះ គឺជាកិច្ចព្រងព្រៀងសន្តិភាពតែមួយគត់ក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដែលមានអាយុកាលវែងជាងគេ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដោយមោទនៈថា សម្រាប់កម្ពុជាយើង សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ ទទួលបានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបង្ហាញឱ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ។
ទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា វាពិតជាមានការលំបាកក្នុងការទទួលបាន និងរក្សានូវសន្តិភាព និងស្ថិរភាព។ ប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ បូរណភាពទឹកដី និងស្ថេរភាពនយោបាយ ស្របជាមួយនឹងការអនុវត្តយ៉ាងតឹងរឹងនូវគោការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ការការពារមិនឲ្យបដិវត្តន៍ពណ៌កើតមានឡើង ដែលមានបំណងផ្តួលរំលំនូវរដ្ឋាភិបាលស្របច្បាប់ ការការពាមិនឲ្យកើតឡើងវិញនូវការបែកបាក់ផ្ទៃក្នុង៕