(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ នៅព្រលានយន្តហោអន្តរជាតិភ្នំពេញ ពាក់ព័ន្ធការបោកលុយរបស់ជនរងគ្រោះចំនួន ៣នាក់ ជិត ៣លានដុល្លារ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
សមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសជនជាតិកូរ៉េរូបនេះដែលមានសញ្ជាតិខ្មែរ បានបោកលុយជនរងគ្រោះជាជនជាតិកូរ៉េដូចគ្នា ជនជាតិចិន និងជនជាតិម៉ាឡេស៊ីមានប្រមាណជិត ៣លានដុល្លារ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា និងខណៈជនសង្ស័យទើបតែចុះពីលើយន្តហោះ។
បើតាមសមត្ថកិច្ចបុរសសង្ស័យរូបនេះមានឈ្មោះ ផាក ហេយ៉ុង អាយុ៦៧ឆ្នាំ និងមានសញ្ជាតិជាខ្មែរទៀតផង។ សមត្ថកិច្ចបានបន្តទៀតថា ចុងក្រោយនេះបុរសឆបោកជនជាតិកូរ៉េ បានចេញសែកសងលុយទៅឲ្យក្រុមជនរងគ្រោះ ប៉ុន្តែជាសែកស្អុយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ឈានដល់ការចេញដីកាតាមចាប់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួន បុរសសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតីវិធីបន្តទៀត។
ពាក់ព័ន្ធនឹងការចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ក៏មានព័ត៌មានថា កំពុងមានការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងផងដែរ ដើម្បីដោះលែងឲ្យមានសេរីភាព៕