(ភ្នំពេញ)៖ តាមការអញ្ជើញរបស់ លោក មូន ចែអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលអមដំណើរសម្តេចតេជោរួមមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីប្រៃសណីយ៍ និងទូរគមនាគមន៍, លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីយុត្តិធម៌ និង លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយ លោកប្រធានាធិបតី មូន ចែអ៉ីន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការភាគី រួមទាំងប្រធានបទនានាពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ផងដែរ។
នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាចំនួនពីរដង ដោយផ្តោតជាសំខាន់ទៅលើ៖
១) ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ រយៈពេល៣០ឆ្នាំ និងទិសដៅអនាគតក្នុងកិច្ចខិតខំដើម្បីសម្រេចឲ្យបាននូវសមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និង ២) ការលើកកម្ពស់ការតភ្ជាប់។ ស្របពេលជាមួយកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំដទៃទៀត នៃប្រទេសសមាជិកអាស៊ាននិងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាព្រឹត្តិការណ៍សំខាន់ចំនួនពីរ រួមមាន ការបង្ហាញនៃការចាប់ផ្តើមនិងវឌ្ឍនភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការបង្ហាញនវានុវត្តន៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩។
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាដោយផ្តោតលើកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងផែនការឆ្ពោះទៅមុខ ដែលស្របជាមួយគោលនយោបាយភាគខាងត្បូងថ្មី។ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ នៃប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍ពិសេស ស្តីពីកិច្ចសហប្រតិបត្តិការជីវៈចម្រុះរវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យសិក្សាអន្តរជាតិប៊ូសាន ដោយសារសាកលវិទ្យាល័យនេះបានមើលឃើញ និងទទួលស្គាល់ពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងការសម្រេចបានសមិទ្ធផលយ៉ាងធំធេង ក្នុងការធ្វើឲ្យមានស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ូសាន សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសមដោយ លោក អូ កែ-ដុន (Oh Keo-don) អភិបាលទីក្រុងប៊ូសាន។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងតែរស់នៅក្នុងសាធារណរដ្ឋកូរ៉េផងដែរ។
គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងគូសបញ្ជាក់អំពីខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ពីកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឲ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។ លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដរបស់ប្រជាជនខ្លួន។
នៅក្នុងក្របខ័ណ្ឌរដ្ឋមន្រ្តីការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសក្នុងតំបន់មេគង្គដទៃទៀត នឹងអញ្ជើញ ចូលរួមកម្មវិធីអាហារពេលល្ងាចការងារ រៀបចំដោយលោកស្រី កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ៕