(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥(២០១៩-២០២៥) នៅស្នាក់ការសាខាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
អង្គសន្និបាត ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ធនិន ប្រធានកិតិ្តយសសាខា អាណត្តិទី៤, លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា អាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយសសមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាលយុវជនកាកបាទក្រហមកម្ពុជានិងអ្នកស្ម័គ្រចិត្ត សរុបចំនួន១២០នាក់។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
*ទី១ ៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៣)
*ទី២ ៖ ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅ អាណត្តិទី៥ (២០១៩-២០២៥)
*ទី៣ ៖ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៥
*ទី៤ ៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំង លោក កែវ រតនៈ ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយស ចំនួន១២រូប។ ជាមួយគ្នានោះ អង្គសន្និបាត បានបោះឆ្នោតជ្រើសតាំងលោក ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការសាខា, លោក ខូយ រីដា ជាអនុប្រធានអចិន្ត្រៃយ៍, លោក កាង ប៉េង ហាក់ ជាអនុប្រធាន, លោក ស៊ុន ហេង ហិរញ្ញឹក និងលោក លី សុគន្ធី ជាលេខាធិការគណៈកម្មាធិការ ព្រមទាំងសមាជិក ចំនួន១០រូប ក្នុងនោះ សមាជិកបម្រុង ២រូបទៀត។
លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដូចខាងក្រោម៖
*ទី១ ៖ ប្តេជ្ញាអនុវត្ត អនុសាសន៍ និងតាមការតម្រង់ទិស របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគោលការណ៍ទាំង៧ប្រការ របស់ចលនាកាកបាទក្រហម
*ទី២ ៖ ប្តេជ្ញាសម្រេចឲ្យបានជោគជ័យ រាល់សកម្មភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឲ្យមានវឌ្ឍនភាព និងសម្រេចបានទិសដៅនានា របស់សាខា ដែលអនុម័តដោយអង្គសន្និបាត សំរាប់អនុវត្ត ៦ឆ្នាំបន្តខាងមុខ
*ទី៣ ៖ ប្តេជ្ញាអនុវត្តន៍ធនធានថវិកា ធនធានមនុស្ស ដើម្បើឆ្លើយតបឲ្យបានតាមសំណូមពរការងារ របស់សាខា អនុសាខា និងក្រុមកាកបាទគ្រប់មូលដ្ឋាន៕