(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាក និងភាពខ្វះខាតរបស់ប្អូនៗ ដែលរើសសំរាមនៅទីលានចាក់សំរាមដង្កោ លោក សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការក្រសួងសាធារណ និងដឹកជញ្ជូន, លោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា, លោក កែ កឿន និងលោក ប៉ែត សារ៉ាត់ ព្រមទាំងសហការី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំយកអំណោយជាសម្ភារសិក្សាគ្រឿងឧបភោគ បរិភោគ ចំនួន៤៥ឃីត ជូនកុមារដែលរស់នៅក្នុងតំបន់ទីលានចាក់សំរាមដង្កោ ចំនួន៤៥នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំណោយទាំងនោះរួមមាន៖ សៀវភៅ ១៥០ក្បាល ប៊ិច ១៥០ដើម អង្ករ ២០០គក ទឹកស៊ីអ៊ីវ ៩០ដប ទឹកត្រី ៩០ដប សៀង ៤៥ដប មី៤៥០កញ្ចប់ ទឹកបរិសុទ្ធ ៥យួរ នំស្រួយលីលី ៩០កញ្ចប់។
នៅក្នុងឱកាសនោះ ទាំងលោក សេន ស៊ីហ៊ត់ លោក នៅ ឌីណា និងលោក ប៉ែត សារ៉ាត់ បានសាកសួរសុខទុក្ខ និងណែនាំជំរុញលើកទឹកចិត្តឲ្យប្អូនៗ ខិតខំសិក្សារៀនសូត្រ គឺមានតែការរៀនសូត្រទេទើប ប្អូនៗរួចផុតពីការលំបាកទាំងនេះឈានទៅជីវិតជោគជ័យល្អប្រសើរទៅថ្ងៃអនាគត ហើយប្អូនៗគឺធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមចំណែក អភិវឌ្ឍន៍នាពេលអនាគត ដូចនេះប្អូនៗត្រូវចំណាយពេលខ្លះសម្រាប់ការសិក្សារៀនសូត្រ។
លោកថា បើទោះបីជាការងារខុសគ្នា ហើយការលំបាកក៏ខុសគ្នាដែរ ក៏ប៉ុន្តែការងារអ្វីក៏មានតម្លៃរបស់វាដែរ។ ទន្ទឹមនឹងនោះប្អូនៗត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសប្អូនៗត្រូវយកចិត្ត ទុកដាក់ខ្ពស់លើបញ្ហាសុខភាព និងមានអនាម័យគ្រប់ពេលវេលាមុនពេលកាន់របស់ញាំ ព្រោះបើមានជំងឺត្រូវខាត់បង់ទាំងថវិកា និងពេលវេលាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរដែនដីដែលបានជួយសម្របសម្រួលដល់ក្រុមការងារចុះមកចែកអំណោយជូនប្អូនៗនាពេលនេះ៕