(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រវាងជនជាតិចិន និងជនជាតិចិន ចំនួន២ករណី រហូតឈានដល់ការចាប់ខ្លួន ជ នសង្ស័យ២០នាក់ ព្រមទាំងរំដោះបានជនរងគ្រោះ២៧នាក់។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយដកស្រង់របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសចាប់ជំរិតនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា និងមួយករណីទៀត ថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ ក្រោយទទួលបានបណ្ដឹងភ្លាមៗ ពីក្រុមគ្រួសាររបស់ជនរងគ្រោះ។
*ករណីទី១៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានជនជាតិចិនម្នាក់ បានមកប្ដឹងរាយការណ៍ថា មានជនជាតិចិនដូចគ្នា បានចាប់ជំរិតបងប្រុសរបស់គាត់ និងបានទូរស័ព្ទតាម WACHAT មកទារប្រាក់ចំនួន១៣០,០០០ YUAN (ប្រមាណជិត២ម៉ឺនដុល្លារ) បន្ទាប់ពីទទួលដំណឹងភា្លម កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបដឹងទីតាំងចាប់ជំរិតជនរងគ្រោះ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះវីឡានោះ ក៏បានរកឃើញជនរងគ្រោះជនជាតិចិន សុទ្ធតែប្រុសចំនួន១១នាក់ នៅក្នុងបន្ទប់ (ដោយមានស្នាមរបួសដងខ្លួន និងគូថ) និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (ស្រីម្នាក់) យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ករណីនេះ កើតឡើងដោយសារជនរងគ្រោះ ចងការប្រាក់ពីជនសង្ស័យ យកទៅលេងល្បែងក្នុងកាស៊ីណូ ពេលចាញ់អស់គ្មានលុយសង ទើបជនសង្ស័យ ចាប់យកទៅបង្ខាំងទុក ដើម្បីបង្ខំឲ្យជនរងគ្រោះទំនាក់ទំនងទៅក្រុមគ្រួសារវេលុយសងពួកគេវិញ ទើបដោះលែង។
*ករណីទី២៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ, កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ និងអន្តរាគមន៍ពិសេស នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នាចុះឡោមព័ទ្ធបង្ក្រាប់ទីតាំង ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់, ចាប់ជំរិតទារប្រាក់, ធ្វើទារុណកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រំដោះជនរងគ្រោះជនជាតិចិន បានចំនួន១៦នាក់ ក្នុងចំណោមនោះមាននារីជនជាតិចិន ចំនួន០២នាក់ នៅក្នុងបន្ទប់ជាន់ឡាវតឿ និងឃាត់ខ្លួនជនសង្ស័យ ជនជាតិចិន បានចំនួន០៩នាក់។
ក្នុងនោះដកហូតបាន អាវុធខ្លីម៉ាក K54 ចំនួន០២ដើម, បង់ចំនួន០២, មានគ្រាប់ចំនួន០៣គ្រាប់, បង់កាំភ្លើងម៉ាក GLOCK19 ចំនួន០១, មានគ្រាប់១៥គ្រាប់, ខ្នោះដៃចំនួន២៣គូរ និងកូនសោរខ្មោះមួយចំនួន, ដំបងចំនួន០៤ដើម, ខ្សែក្រវ៉ាត់០១ (សម្រាប់ធ្វើទារុណកម្ម), ខ្សែពាន០១ (សម្រាប់ធ្វើទារុណកម្ម), ពិលឆក់ចំនួន០២ដើម, ដំបងសន្តិសុខ ០១ដើម, ញញួរ០១, ខ្សែរិតមួយចំនួន ព្រមទាំងសម្ភារមួយចំនួនទៀត។
សម្រាប់ករណីនេះទាំងពីរនេះ បន្ទាប់ពីបង្ក្រាបបានកម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕