(ភ្នំពេញ)៖ ទឹកដែលចេញពីរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានឆ្លងកាត់ប្រព័ន្ធសម្អាតសំណល់ទឹក ឬហៅថា Wastewater Treatment Plant System ជាមុនសិន ដើម្បីធ្វើការសម្អាតទាល់តែស្អាតទៅតាមស្តង់ដាកំណត់ដោយក្រសួងបរិស្ថាន ទើបបង្ហូរចូលទៅក្នុងធម្មជាតិវិញ។
រាល់សំណល់ទឹកទាំងអស់ ដែលបង្ហូរចេញពីរោងចក្រ ក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធសម្អាតទឹកកង្វក់តាមបច្ចេកទេសដ៏ទំនើប ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនធំរបស់ប្រទេសបារាំង ឈ្មោះ Veolia ដើម្បីផ្តល់នូវ ដំណោះស្រាយក្នុងការសម្អាតសំណល់ទឹក កង្វក់ទៅតាមស្តង់ដាជាតិនិងអន្តរជាតិ ហើយលើសពីនេះ បានចូលរួមចំណែកថែរក្សាការពារបរិស្ថានយើងទាំងអស់គ្នា។
ដើម្បីជៀសវាងការបង្ហូរទឹកដែលចេញពីរោងចក្រសង្វាក់ផលិតកម្មដោយផ្ទាល់ ប្រព័ន្ធសម្អាតទឹកធ្វើការសម្អាតសំណល់ទឹក យ៉ាងស្អាតល្អ ទាញយកកាកសំណល់ ក្លិនស្អុយនិងសារធាតុកង្វក់ ដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើន។ ដំបូងសំណល់ទឹកដែលបានប្រើប្រាស់ជាប្រចាំ ក្នុងសង្វាក់ផលិតកម្មត្រូវបានបង្ហូរចេញពីរោងចក្រចូលទៅក្នុងអាងសម្រាប់ ស្តុកសំណល់ទឹក ហើយកាកសំណល់ត្រូវបានត្រងដោយកញ្ជ្រែងចម្រោះមុនបញ្ជូនបន្តចូលក្នុងអាងសម្រាប់បន្សុទ្ធទឹកដោយ កែតម្រូវ pH ឲ្យនៅក្នុងចន្លោះពី ៦.៥ ទៅ ៧.៥។
ក្រោយពីតម្រូវ pH រួច ទឹកនេះត្រូវបានសម្អាតដោយប្រព័ន្ធសម្អាតដោយ ប្រើខ្យល់ និងប្រព័ន្ធសម្អាតដោយមិនប្រើខ្យល់។ បន្ទាប់មកទៀត ទឹកត្រូវបានបន្តសម្អាតយកកករចេញដោយប្រើប្រព័ន្ធពង្រងក្នុងការដកយក សារធាតុអាសូត និងផូស្វាត ចេញពីទឹកបន្ថែមទៀត ទើបទទួលបានទឹកស្អាតតាមស្តង់ដារបស់ក្រសួងបរិស្ថានបានកំណត់ មុននឹងបង្ហូរចូលក្នុងធម្មជាតិវិញ៕