(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមរំលែកទុក្ខចំពោះការយាងសោយទិវង្គត របស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ដែលជាតួអង្គដ៏សំខាន់មួយអង្គ ក្នុងការនាំឲ្យមានការបញ្ចូល «របាំព្រះរាជទ្រព្យ» ចូលជាបេតិកភណ្ឌវប្បធម៌ រូបិយនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
នៅឯទីតាំងប្រារព្ធព្រះរាជពិធីបុណ្យព្រះសព្វទ្រង់ នាវត្តបុទុមវតីរាជវរារាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ ស្តេចយាងគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនអង្គនាក់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញទៅគោរពព្រះវិញ្ញណក្ខន្ធទ្រង់ផងដែរ ដែលមានការអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសិស្សរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្តែងនូវការស្រណោះអាឡោះអាល័យជាពន់ពេក ដោយសារការបាត់បង់ទ្រង់។
សិស្សម្នាក់របស់សម្តេចព្រះរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី បានថ្លែងរៀបរាប់ទាំងសម្លេងក្តុកក្តួលថា ទ្រង់បានលះបង់ពេលវេលាស្ទើរតែពេញមួយព្រះជន្ម ដោយមិនខ្លាចនឿយណាយឡើយ ដើម្បីខិតខំថែរក្សារបាំ និងសិល្បៈខ្មែរយើង។
នាដការិនី ដែលស្និតនឹងព្រះអង្គរូបនេះ បានថ្លែងបន្តទាំងអួលដើមកថា៖ «ការចាកចេញរបស់ព្រះអង្គពីពួកយើងទាំងអស់គ្នានេះ ពួកយើងទាំងអស់គ្នាមានសេចក្តីសោកសង្រេងយ៉ាងខ្លាំងបំផុត ហើយជាអ្វីដែលយើងមិននឹកស្មាន»។
សិស្សម្នាក់ទៀត បានថ្លែងទាំងទឹកមុខសោកសៅ ដោយបានរំលឹកពីព្រះរាជបណ្តាំរបស់សម្តេចព្រះរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ដែលទ្រង់តែងតែរំលឹកដល់ពួកខ្លួន ជាក្រុមនាដការិនី ឲ្យខិតខំថែរក្សារបាំ និងសិល្បៈខ្មែរកុំឲ្យបាត់បង់។
នាដការិនី ដែលជាតួអង្គអប្សរារូបនេះ បាននិយាយបន្តទាំងការសោកស្តាយថា៖ «ពេលនេះបាត់បង់និមិត្តរូបរបស់យើងខ្ញុំ យើងខ្ញុំពិតជាសោកស្តាយមែនទែន»។
ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់ ដែលទៅចូលរួមគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានថ្លែងថា បន្ទាប់ពីទទួលដំណឹងថាទ្រង់សោយទិវង្គត ក្នុងនាមជាប្រជានុរាស្ត្រមួយរូប លោកពិតជាតក់ស្លុតជាពន់ពេក។ លោកបន្តថា ព្រះអង្គគឺជាតួអង្គសំខាន់មួយអង្គ ដែលចំណាយពេលផ្សព្វផ្សាយរបាំព្រះរាជទ្រព្យ ឲ្យប្រទេសនានាលើពិភពលោក បានស្គាល់ពីរបាំរបស់ខ្មែរ រហូតដល់យើងអាចចុះបញ្ជីរបាំនេះ ជាសម្បត្តិបេតិកភណ្ឌអរូបីសម្រាប់មនុស្សជាតិ កាលពីឆ្នាំ២០០៣។
ប្រជាពលរដ្ឋរូបនេះបញ្ជាក់ថា៖ «យើងខ្ញុំពិតជាស្រណោះអាឡោះអាល័យជាពន់ពេក ដោយហេតុថាយើងបានបាត់បង់មរតកមនុស្សរស់មួយអង្គ ដែលពោរពេញដោយឆន្ទៈ និងទេពកោសល្យ ដែលលើកស្ទួយមុខមាត់ប្រទេសជាតិ ក៏ដូចជាអភិវឌ្ឍន៍ និងបង្ហាត់បង្រៀនបន្តឲ្យកូនខ្មែរជំនាន់ក្រោយ ។ ខ្ញុំពិតជា មានសេចក្តីសោកស្តាយជាពន់ពេកបំផុត»។
សូមជម្រាបថា សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះជរាពាធ។
ទ្រង់គឺជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី៕