(ភ្នំពេញ)៖ យុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ» បានកំពុងផ្សព្វផ្សាយជាច្រើន តាមរយៈស្តង់តាំងបង្ហាញនៅតាមទីសាធារណៈ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ អ៊ីនធឺណេត និងបណ្តាញសង្គមជាច្រើនទៀត ដែលមានរូបភាពជាការភ្លក្ស ឬលក់ ខ្លះជាអត្ថបទព័ត៌មាន ខ្លះជារូបភាពតាំងបង្ហាញ និងខ្លះជាវីដេអូផ្សព្វផ្សាយ។ នាពេលបច្ចុប្បន្ន សន្ទុះនៃការគាំទ្រ ចំពោះផលិតផលមីជាតិ កាន់តែកើតឡើងជាបន្តបន្ទាប់។
ដើម្បីជំរុញទៅដល់ការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និងមានគុណភាពមួយនេះ ឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិត «មីជាតិ» បានរៀបចំកម្មវិធីប្រកាសយុទ្ធនាការ ផ្សព្វផ្សាយថ្មីមួយទៀត ដើម្បីឲ្យប្រជាជនបានស្គាល់ និងមានឱកាសភ្លក្ស ដោយផ្ទាល់នូវផលិតផល ដែលមានគុណភាពរសជាតិ បែបខ្មែរមួយនេះ។
យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមប្រកាស នៅក្នុងបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧.៣០នាទី ដែលមានលោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុន ក្រុមការងារ និងប្រជាជនទូទៅជាច្រើននាក់ ។
លោកស្រី ជឹង សុគន្ធាវី បានលើកឡើងថា ផលិតផលមីជាតិ ត្រូវបានផលិតដោយឆ្លងកាត់ការស្រាវជ្រាវដ៏ហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ក្រោមការប្រើប្រាស់ម៉ាស៊ីន ដែលនាំចូលពីជប៉ុន និងបច្ចេកវិទ្យាទំនើប របស់ប្រទេសជប៉ុន ដើម្បីផ្តល់នូវផលិតផលមានគុណភាព មានអត្ថប្រយោជន៍ និងរសជាតិខ្មែរពិតៗ។
លោកស្រីបានបញ្ជាក់ថា មីជាតិជាសម្មិទិផលថ្មី ដែលប្រជាជនភាគច្រើន អាចនឹងមិនទាន់បានស្គាល់ នៅលើទីផ្សារកម្ពុជានៅឡើយ។ នេះជាបញ្ហាចម្បងមួយ ដែលក្រុមហ៊ុន បានព្យាករណ៍រួចមកហើយ និងបានបង្កើតនូវកម្មវិធីជាច្រើន ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរ អំពីផលិតផលមីជាតិនេះ។
លោកស្រី បានបន្ថែមថា យុទ្ធនាការផ្សព្វផ្សាយមីជាតិនៅថ្ងៃនេះ ជាកម្មវិធីមួយដែលយើងរំពឹងទុកថា នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ បានស្គាល់ និងភ្លក្សនូវរសជាតិ នៃស្នាដៃខ្មែរមួយនេះ។ យុទ្ធនាការនេះ គឺធ្វើឡើងក្រោមរូបភាពជិះកង់ និងតុក តុក ដើម្បីចែកជូនមីជាតិ ដោយឥតគិតថ្លៃ ទៅដល់សាធារណជន នៅតាមដងផ្លូវធំៗទូទាំងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះ លោកស្រី បានរៀបចំកង់ចំនួន៦០ និងតុក តុកចំនួន៣០ ដែលចែកចេញជា៦ក្រុម និងមានបិតស្លាកសញ្ញាមីជាតិជាសម្គាស់។ យុទ្ធនាការនេះ មានរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក រោងចក្រផលិតផលមួយនេះ ក៏បានធ្វើការសម្ភាធក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន ដែលបានប្រព្រឹត្តទៅនៅក្នុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោមពាក្យស្លោកថា “មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ” មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ព្រមទាំងវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងស្រុកនិងបរទេស គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។
ជាចុងក្រោយ លោកស្រីនាយិកាក្រុមហ៊ុន សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕