(ភ្នំពេញ)៖ លោក Andres Pastrana អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡុំប៊ី បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់បទពិសោធន៍ នៃការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះ ពីសង្គ្រាមដល់ប្រទេសរបស់ខ្លួន។
ការថ្លែងអរគុណចំពោះកម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោក Andres Pastrana អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរៀបចំពិធីបដិសណ្ឋារកិច្ច ស្វាគមន៍ ដំណើរ ទស្សន កិច្ចនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចអតីតប្រធានាធិបតីកូឡុំប៊ីពេលនេះ ស្របពេលដែលអង្គភាពស៊ីម៉ាក់ កំពុងផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមកូឡុំប៊ី នូវជំនាញគ្រឿងចក្រកំទេចគ្រាប់មីន។
លោកអគ្គនាយកបន្តថា «ឯកឧត្តមអតីតប្រធានាធិបតី ឆ្លៀតឱកាសធ្វើទស្សនកិច្ចនេះ ដើម្បីសួរសុខទុក្ខកងទ័ពកូឡុំប៊ី ដែលកំពុងស្នាក់នៅហ្វឹកហ្វឺននៅកម្ពុជា និងដើម្បីសំដែងការអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានជួយផ្តល់បទពិសោធន៍ នៃការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមដែលប្រទេស និងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ទាំងក្នុងសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ និងសង្គ្រាមប្រឆាំងការដាំដុះគ្រឿងញៀន មានទំហំធំបំផុតលើពិភពលោក»។
លោក ហេង រតនា បានបញ្ជាក់ថា លោកអតីតប្រធានាធិបតី ក៏បានរំលឹកអំពីការពិភាក្សា និងសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិ និងការកសាងសន្តិភាពនៅកម្ពុជា ដែលលោកមានការកោតសរសើរ ចំពោះសមិទ្ធផលរីកចំរើនយ៉ាងធំធេង ក្រោមការដឹកនាំរបស់សម្តេចតេជោ៕