(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បានធ្វើការសិក្សាលទ្ធភាពលើ «គម្រោងសកម្មភាពមីន សម្រាប់កម្មវិធីអភិវឌ្ឍន៍មនុស្សនៅកម្ពុជា» សម្រាប់ផែនការរំកិលរបស់ខ្លួននៅឆ្នាំ២០២១។
គម្រោងនេះត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និង អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia)។
គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមភូមិដែលត្រូវបានគេចាត់ទុកថា មិនមានមីនជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។
ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃក្នុងខេត្តបីជាប់គ្នា គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
គម្រោងនេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ របស់ប្រទេសកម្ពុជា និងអាចមាន លទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែកដល់កម្ពុជា ដែលគ្មានគ្រាប់មីន ដែលជាគោលដៅទី១៨ របស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជាផ្ទាល់។
គម្រោងនេះរួមមានសកម្មភាពគាំទ្រសកម្មភាពបោសសម្អាតមីន ការបណ្តុះបណ្តាលសម្រាប់ហានិភ័យមីន ជំនួយជនរងគ្រោះ ការគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងធ្វើការត្រួតពិនិត្យនិងវាយតម្លៃ។
ការសិក្សានេះ ត្រូវបានធ្វើឡើងតាមរយៈការប្រជុំជាមួយភាគីពាក់ព័ន្ធសំខាន់ៗដូចជា នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) អូស្ត្រាលី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia) និងអង្គភាពផែនការសកម្មភាពកំចាត់មីន (MAPU) នៃខេត្តគោលដៅនីមួយៗ។
លើសពីនេះក្រុមការងាររួមរបស់ KOICA ក៏បានចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗ ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាព នៃការអនុវត្ត និងផែនការសកម្មភាព ពិគ្រោះយោបល់ជាមួយភ្នាក់ងារពាក់ព័ន្ធ រួមទាំងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និង អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia) ។
យោងតាមការរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងាររួមការិយាល័យ កយកាប្រចាំនៅកម្ពុជា នឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២១។ ប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើស គម្រោងនេះ នឹងអនុវត្តនៅក្នុងប្រទេសកម្ពុជារយៈពេល៦០ខែចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក៕