(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
«អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «អគារឥន្ទ្រទេវី» ចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ អគារនេះមានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។
លោក សុខ ទូច បានឱ្យដឹងទៀតថា អគារឥន្រ្ទទេវីមានបន្ទាប់ចំនួន២៤ ដែលក្នុងនោះប្រើជាបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាតតូច១ បន្ទប់ការពារនិក្ខេបបទ១ បន្ទប់សិក្សាចំនួន១៨ បន្ទប់ Lab ចំនួន២ និងសាលសន្និសីទ(សាលសហសិក្សា)១ ។ បន្ទប់នីមួយៗមានបំពាក់សម្ភារៈសម្រាប់សិក្សារៀនសូត្រ មានជាអាទិ៍ តុសិស្ស តុគ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់ និង អំពូលម៉ែត្រ ជាដើម ដោយចំណាយថវិកាអស់ចំនួន ១,៥៤៦,៩៤៤.៣០ដុល្លារ។
បើតាមលោក សុខ ទូច អគារនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែ។
លោក សុខ ទូច បានអះអាងថា ការសាងសង់ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ធ្វើ ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែក ក្នុងការអភិវឌ្ឍ សង្គមជាតិ។
ក្រៅពីការសាងសង់អគារនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានសិតបដិមាព្រះនាងជាទោល តម្កល់ក្បែរអគារជាទីគោរពសក្ការៈ។
មុនឈានដល់ការសាងសង់បដិមានេះ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតក្រុមសិក្សាស្រាវជ្រាវ និងបានរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពីអ្នកជំនាញជាតិនិងអន្តរជាតិ មកពីក្រសួងស្ថាបនផ្សេងៗហើយបានឈានដល់ការឯកភាពគ្នាកំណត់សិតបដិមាព្រះនាងឥន្រ្ទទេវីជាទោល ដោយយកតាមរូបចម្លាក់នៅជាប់ជញ្ជាំងប្រាសាទព្រះខ័ន។
ការសិតបដិមាព្រះនាងឥន្រ្ទទេវីអំពីស្ពាន់និងបុស្បុកសម្រាប់ តម្កល់រក្សាបដិមាព្រះនាង គឺទទួលបានការឧបត្ថម្ភគាំទ្រពី លោកស្រីឧកញ៉ា សៀង ចាន់ហេង ។
លោក សុខ ទូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី ខួប២០ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច បានថ្លែងថា វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និងជាការផ្តល់នូវកម្លាំងចិត្តដ៏ធំធេង និងជាការបណ្តុះនូវឆន្ទៈដ៏មុតស្រួចថែមទៀត ដល់មន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាក្នុងការបំពេញនូវបេសកកម្មសិក្សាស្រាវជ្រាវដើម្បីជាធាតុចូលជូនដល់រាជរដ្ឋាភិបាលនិងស្ថាប័នដែលពាក់ព័ន្ធ។
ក្រៅពីការសម្ពោធអគារដ៏មានសារៈសំខាន់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាហើយនោះ នៅថ្ងៃស្អែកនេះ ក៏មានប្រកាសនូវគោរមងារជូនដល់ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន ០៦រូបផងដែរ។ ឥស្សរជន និងបញ្ញាវន្តជាន់ខ្ពស់ទាំង៦រូបនេះ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវ គោរមងារកិត្តិយសនៃរាជ បណ្ឌិត្យសភាកម្ពុជា រួមមាន៖ ១. លោក ឆាយ ថន ជាកិតិ្តសេដ្ឋាបណ្ឌិត, ២. លោកស្រី ឃួន សុដារី ជាកិតិ្តសង្គហបណ្ឌិត, ៣. លោក ឌិត មន្ទី ជាកិត្តិនីតិកោសលបណ្ឌិត, ៤. លោក ប៉ែន បញ្ញា ជាកិត្តិនីតិកោសលបណ្ឌិត, ៥. លោក ជាម យៀប ជាបណ្ឌិតកិតិ្តសេដ្ឋាបណ្ឌិត, ៦. លោក អ៉ឹម ឈុនលឹម ជាកិត្តិនីតិកោសលបណ្ឌិត
ថ្ងៃស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ជូនបេក្ខជនជ័យលាភីចំនួន ៣រូបរួមមាន៖ ១. លោកស្រី អ៊ុក ម៉ាលី សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច, ២. អ្នកឧកញ៉ា ពុង ឃាវសែ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច និង៣. លោកស្រីឧកញ៉ា សៀង ចាន់ហេង សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកវប្បធម៌ ព្រមទាំងបានប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត៣រូប និងបរិញ្ញាបត្រជាន់ខ្ពស់៨រូបផ្សេងទៀត៕