(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មសាធារណៈ បានប្រែក្លាយខ្លួនទៅជាសាលាមួយដ៏ល្បីល្បាញទាំងនៅថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានមោទកភាពយ៉ាងក្រៃលែង។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងជំនួបសំណេះសំណាលជាមួយបណ្ឌិតវិស្វករចំនួន ៩០នាក់ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ បណ្ឌិត បញ្ញាវ័ន្ត តំណាងសហគ្រាសឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សរុបទាំងអស់៣០០នាក់។ ចំពោះធនធានទាំង ៩០រូប សុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេសគឺ៖ មកពីប្រទេសជប៉ុន ៣៩នាក់, បារាំង ២៣នាក់, បែលហ្សិក ៦នាក់, ហ្វីលីពីន ៥នាក់, កូរ៉េខាងត្បូង ៣នាក់, ថៃឡង់ ៣នាក់, និងមកពីបណ្តាប្រទេសដទៃទៀត ដូចជា៖ ប្រទេសស្វីស, អូស្ត្រាលី, អាមេរិក, ម៉ាឡេស៉ី, និងឥណ្ឌូនេស៉ី។
ថ្លែងសំណេះសំណាលក្នុងកម្មវិធីនោះ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានសម្តែងនូវការអបអរសាទរ ចំពោះអគ្គនាយក អគ្គនាយករង គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្ត្រាចារ្យទាំងអស់ ក៏ដូចជាបុគ្គលិកវិទ្យាស្ថានទាំងអស់ ដែលសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងបានប្រែក្លាយវិទ្យាស្ថាននេះ ឲ្យក្លាយទៅជាសាលាល្បីល្បាញ ដែលជាមោទកភាពកម្ពុជាទាំងមូល។
លោករដ្ឋមន្ត្រី ថែមទាំងបានរំលឹកពីការកសាងយ៉ាងលំបាកគ្រឹះស្ថានឧត្តមសិក្សាមួយនេះ ដោយផ្តើមចេញពីគ្មានសាស្រ្តាចារ្យខ្មែរម្នាក់សោះ រហូតដល់ថ្ងៃនេះមានវិស្វករបណ្ឌិតរហូតដល់ ៩០នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនៅប្រទេសនានាក្នុងពិភពលោក។ នេះគឺជាមោទភាពជាតិពិតៗ ដើមី្បផលិតធនធានមនុស្សឆ្លើយតបនឹងតម្រូវការរបស់រោងចក្រ សហគ្រាស ដែលត្រូវការកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ក្នុងសករាជ Digital និងបដិវត្តន៍ឧស្សាហកម្មទី៤.០។
លោកបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យបញ្ញាវ័ន្តទាំងនេះខិតខំធ្វើការជាមួយគ្នាឲ្យបានច្រើនប្រយោជន៍ លទ្ធផលនៃការសា្រវជ្រាវទាំងនោះ ពិតជាឆ្លើយតបចំគោលដៅសង្គមជាតិពិតៗ។ លោកបានរំលឹកយ៉ាងច្បាស់ថា លទ្ធភាព កាឡានុវត្តភាព និងសក្តានុពល សម្រាប់រៀន-បង្រៀន និងស្រាវជ្រាវ ដែលបាននិងកំពុងមាននេះ គឺបានមកក៏ដោយសារប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពនេះ ដើមី្បផ្តល់ឱកាសកសាងប្រទេសយើង។
លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា តាងនាមឲ្យគណៈគ្រប់គ្រងវិទ្យាស្ថាន លោកសូមថ្លែងអំណរគុណដល់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ដែលបានផ្តល់កិត្តិយស មកសំណេះសំណាលនៅក្នុងកម្មវិធីនេះ។
លោកនាយក បានបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយបណ្ឌិតវិស្វករចំនួន ៩០នាក់ មានគោលបំណងដើម្បីបង្ហាញជូននូវ៖
១៖ បច្ចុប្បន្នភាពនៃធនធានបញ្ញាវ័ន្តថ្នាក់បណ្ឌិត ដែលបាននិងកំពុងបម្រើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រំលេចឲ្យឃើញកាន់តែច្បាស់នូវចក្ខុវិស័យរបស់វិទ្យាស្ថាន ដើម្បីទាក់ទាញធនធានកាន់តែប្រសើរឡើង និងដើម្បីគាំទ្រគោលនយោបាយរបស់វិទ្យាស្ថាន ឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលគ្រោងសម្រេចគោលនយោបាយ GDP (បដិវត្តន៍ឧស្សាហកម្មទី៤.0) នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យបាននូវចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
២៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកស្រាវជ្រាវ និងស្ថាប័នដែលជាប់ពាក់ព័ន្ធដទៃទៀតភាពចាំបាច់ដើម្បីក្លាយជាអនាគតនៃស្ថាប័នថ្នាក់តំបន់កំពូល និងដើម្បីក្លាយជាស្ថាប័នឈានមុខគេក្នុងការអនុវត្តការផ្ទេរបច្ចេកវិទ្យា៕