(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដែល ជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់រង្វាន់ជូនម្ចាស់ជយលាភី និងបេក្ខជនធ្វើបានល្អបំផុតលេខរៀងទី២ នៅឯធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម បន្ទាប់ពី កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បញ្ចប់ទៅយ៉ាងជោគជ័យថ្មីៗនេះ។
តំណាងធនាគារ ជីប ម៉ុង លោក វង្ស សុខាល បានថ្លែងសាទរចំពោះលទ្ធផលដ៏ល្អនេះថា៖ «ខ្ញុំពិតជារីករាយដែលបានឃើញការតស៊ូរបស់បេក្ខជនវ័យក្មេងម្នាក់នេះ អាចទទួលបាន លទ្ធផលដ៏អស្ចារ្យបែបនេះ។ ខ្ញុំសូមចូលរួមអបអរដល់ ចាន់ សុបញ្ញា ដែលក្លាយជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១នេះ»។
គួរបញ្ជាក់ថា ម្ចាស់ជយលាភី បេក្ខជន ចាន់ សុបញ្ញា បានទទួលរង្វាន់បន្ថែមជាទឹកប្រាក់១០លានរៀល និងពានរង្វាន់កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១។ រង្វាន់ផ្សេងទៀត ដែលបានប្រគល់ជូនសម្រាប់បេក្ខជនធ្វើបានល្អបំផុតលេខរៀងទី២ ចំនួន ៣រូប ដោយមួយរូបៗទទួលបានទឹកប្រាក់ចំនួន៤លានរៀល។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន ៤នាក់ ក៏ទទួលបាន លេខគណនីពិសេសនៅឯធនាគារ ជីប ម៉ុង ផងដែរ៕