(ភ្នំពេញ)៖ ស្ថាប័នធំៗចំនួន៥ ដែលមានដូចជា សហភាពអឺរ៉ុប, អង្គការយូនីសេហ្វ, អង្គការ Save the Children, ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការ Child Rights Now នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃកិច្ចការពារសិទ្ធិកុមារ ក្រោយយុទ្ធនាការ «ផ្តល់សិទ្ធិគ្រប់ យ៉ាងដើម្បីកុមារគ្រប់រូប» ក្នុងគោលបំណងពនឿនវឌ្ឍនភាព ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធកុមារ និងជំរុញឱ្យអនុវត្តសកម្មភាព ជាក់ស្តែងសម្រាប់កុមារកម្ពុជា។
ពិធីនេះដែរបានរៀបចំឡើងនៅ The Factory Phnom Penh ធានីភ្នំពេញ ក្រោមអធិបតីលោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា, លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា, លោកស្រី អេលីហ្សា ប៊ែត ភៀស នាយិកាប្រចាំប្រទេសអង្គការ Save the Children រួមទាំងមានវាគ្មិនកិត្តិយស សិស្សសាលា និងកុមារ កុមារី ជាច្រើននាក់ផងដែរ។
លោកស្រី ខាមិន ម៉ូរ៉េណូ បានឱ្យដឹងថា ឆ្នាំ២០១៩នេះ គឺជាខួបទី៣០ឆ្នាំ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្ស ទទួលបានសច្ចាប័នច្រើនជាងគេបំផុត។ ពិធីគម្រប់ខួបនេះគឺជាឱកាសដ៏ពិសេសដើម្បីនិយាយអំពី សិទ្ធិកុមារជាឯកច្ឆន្ទ ព្រមទាំងលើកកម្ពស់ការយល់ដឹងថា សិទ្ធិកុមារជាសិទ្ធិមិនអាចមើលរំលងបានឡើយ។ សហភាពអឺរ៉ុបបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអរអរសាទរអំពីវឌ្ឍនភាពដ៏ធំធេង ដែលសម្រេចបានលើសិទ្ធិកុមារ ហើយក៏សូមបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍពេញសក្តានុពលរបស់ខ្លួន ដែលជាលក្ខខណ្ឌ ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ទផងដែរ។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ បានឱ្យដឹង ដែរថា យូនី សេហ្វ មានមោទនភាព ដែលបានធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រវឌ្ឍនភាព ឆ្ពោះទៅរក ការពេញសិទ្ធិកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ហើយអនុសញ្ញាស្តីពីសិទ្ធកុមារ និងគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាពត្រូវដើរទន្ទឹមគ្នា។ សិទ្ធិកុមារមិនអាច សម្រេច បានឡើយប្រសិនបើគ្មានការអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយដូចគ្នានេះដែរគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក៏មិនអាចសម្រេច បានដែរ ប្រសិនបើសិទ្ធិកុមារមិនអាចសម្រេចបាននោះ ហេតុនេះហើយអនុសញ្ញានេះកាន់តែមានសារៈសំខាន់នាពេលបច្ចុប្បន្ន ដើម្បីផ្តល់ អត្ថប្រយោជន៍ ដល់កុមារ ដែលតែងតែមិនទទួលបានការគាំទ្រ កុមារត្រូវគេផាត់ចោល ឬមិនយកចិត្តទុកដាក់។
លោកស្រី អេលីហ្សា ប៊ែត ភៀស បាន លើក ដែរឡើងថា ព្រឹត្តិការណ៍ដ៏ពិសេសនេះ គឺជាឱកាសអាច ឆ្លុះបញ្ចាំង ពីលទ្ធផលសម្រេចបាន ក្នុងកិច្ចការពារ សិទ្ធិកុមារក្នុង ប្រទេសកម្ពុជា និងបង្កើតអនាគតមួយដ៏ល្អប្រសើរ សម្រាប់មនុស្សគ្រប់រូប ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ។ ខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ អង្គការ Save the Children សូមប្តេជ្ញា ចិត្តខ្ពស់ ក្នុងការ លើកស្ទួយសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយចីរភាព និងជួយដល់ការអភិវឌ្ឍគ្រប់ជ្រុង ជ្រោយរបស់កុមារ។ យើងសូមអបអរសាទរដល់កិច្ចសហការយ៉ាងរឹងមាំ ពីគ្រប់ក្រសួងរបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធដទៃទៀត ក្នុងការជួយឱ្យកុមារ ទទួលបាននូវសិទ្ធិពេញលេញ នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជា ក្របខណ្ឌច្បាប់អន្តរជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។ អនុសញ្ញាស្តីពី សិទ្ធិកុមារ គឺជាសន្ធិសញ្ញាសិទ្ធិមនុស្ស ដែលទទួលបានសច្ចាប័នច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។ អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ ការលេងកម្សាន្ត ការការពារ ការចូលរួមផ្នែកសង្គម និងនយោបាយ។ អនុសញ្ញានេះកំណត់ន័យថា មនុស្ស
គ្រប់រូបក្រោមអាយុ១៨ឆ្នាំ ជាម្ចាស់នៃសិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចដើម្បីឱ្យសិទ្ធិទាំងនេះក្លាយជាការពិត សម្រាប់កុមារគ្រប់រូប។
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន លើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជា បានសម្រេចនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ក្នុងការធ្វើឲ្យជីវិតកុមារប្រសើរឡើង។ កុមារា និងកុមារីជាង៩៧% បានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា ដែលជាអត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារក និងកុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះជាង៧០% ហើយលទ្ធភាពទទួលបានប្រភពទឹកស្អាតបានកើនឡើង៣ដង ចាប់តាំងពីឆ្នាំ១៩៩០មក។
ប៉ុន្តែមិនមែនកុមារគ្រប់រូបសុទ្ធតែទទួលបានកុមារភាពល្អ ប្រសើរនោះទេ នៅមានកុមារច្រើនទៀតដែលនៅតែខ្វះខាត មិនទទួលបានស្តង់ដារគុណភាពសិក្សា ត្រឹមត្រូវតាមវ័យរបស់ ខ្លួន ដូចនេះខួប ទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាឱកាសមួយដ៏ពិសេសដើម្បីជំរុញឱ្យមានការផ្តល់ អាទិភាពដល់សិទ្ធិកុមារ នៅក្នុងផែនការ ជាតិ និងផែនការអភិឌ្ឍន៍ផងដែរ៕