(វៀតណាម)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Luc Tygat នាយកគ្រប់គ្រងយុទ្ធសាស្រ្ត និងសុវត្ថិភាពអាកាសចរនៃសហគមន៍អឺរ៉ុប (EASA) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីវិស័យអាកាសចរស៊ីវិលកម្ពុជា នៅទីក្រុងហាឡុង ប្រទេសវៀតណាម។
ក្នុងឱកាសនេះ លោក Luc Tygat បានកោតសរសើរយ៉ាងខ្លាំង អំពីការវិវឌ្ឍន៍ឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសផ្នែកអាកាសចរស៊ីវិល ដែលសហគមន៍អឺរ៉ុបបានចាប់អារម្មណ៍ តាមរយៈរបាយការណ៍បង្ហាញថា មានអ្នកដំណើរកើនដល់ជិត១០លាននាក់ ហើយក្រុមហ៊ុនអាកាសចរទៀតសោត ប្រើប្រាស់យន្តហោះប្រទេស AIRBUS ។
ភ្ជាប់ជាមួយនឹងព័ត៌មានសំខាន់នេះ លោក Luc Tygat បានចោទជាសំណួរថា៖ តើក្រុមហ៊ុនអាកាសចរ ក្នុងស្រុករបស់កម្ពុជាទាំងអស់ មានគោលបំណង ធ្វើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសដូចម្តេចដែរ? តើអាកាសចរស៊ីវិលកម្ពុជា មានគម្រោងបញ្ចូល ឬក៏អនុម័តយកច្បាប់អាកាសចរណ៍របស់ EASA (សហគមន៍អឺរ៉ុប) ឬទេ?
ជាការឆ្លើយតបបណ្ឌិតរដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់សូមថ្លែងអំណរគុណលោក Luc និងតំណាងសហគមន៍អឺរ៉ុបផ្នែកអាកាសរស៊ីវិល ចំពោះកិច្ចប្រជុំថ្ងៃនេះ ជាពិសេស គឺចំណាប់អារម្មណ៍របស់សហគមន៍អឺរ៉ុប ទៅលើការអភិឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។
លោកបណ្ឌិតរដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរស៊ីវិលរបស់កម្ពុជា មានការវិវត្តន៍យ៉ាងខ្លាំង ដោយយើងមានក្រុមហ៊ុនអាកាសចរ ដែលទើបបង្កើតថ្មី រហតដល់០៦ក្រុមហ៊ុន ដែលមានវិញ្ញាបនបត្រដឹកជញ្ជូន តាមផ្លូវអាកាស (AOC) ស្របតាមបទបញ្ញត្តិជាតិ និងអន្តរជាតិ (ICAO) ដែលអាចធ្វើប្រតិបត្តិការហោះហើរ បានទាំងក្នុងនិងអន្តរជាតិ ។ ប៉ុន្តែអ្វីដែលសំខាន់ សម្រាប់ការហោះហើរអន្តរជាតិ គឺកម្ពុជាចង់ឲ្យក្រុមហ៊ុនរបស់ខ្លួន ធ្វើការសិក្សាទីផ្សារ ឲ្យបានច្បាស់លាស់ជាជំហានៗសិន ដូចយើងបានគ្រោងហោះហើរ ទៅប្រទេសចិន កូរ៉េ ជប៉ុន និងថ្មីៗខាងមុខនេះ យើងត្រៀមពង្រីកទីផ្សារ ទៅប្រទេសឲឥណ្ឌាទៀត។ ចំពោះប្រភេទយន្តហោះ ដែលយើងប្រើនៅកម្ពុជាសព្វថ្ងៃ ភាគច្រើនជាប្រភេទ AIRBUS ដែលសរុបមាន A320 ចំនួន២៧គ្រឿង និង ATR72 ចំនួន០២ គ្រឿង។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ទៀតថា ចំពោះប្រព័ន្ធច្បាប់គ្រប់គ្រងអាកាសចរស៊ីវិល គឺយើងមានច្បាប់ជាតិរបស់យើង ដែលអនុលោមទៅតាមស្តង់ដារអង្គការ ICAO និងស្របតាមគោលនយោបាយអាស៊ានរួម។ ដោយការវិវត្តន៍ទាំងអស់នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាននិងកំពុងគិតគូរអំពីផែនការយុទ្ធសាស្រ្ត ក្នុងការពង្រឹងធានាសន្តិសុខសុវត្ថិភាព ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ចេញចូលប្រទេសកម្ពុជា តាមរយៈការកែសម្រួលច្បាប់ទំលាប់ រចនាសមព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការតាមដានការអនុវត្តជាប្រចាំ។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក៏បានស្នើសុំឲ្យ EASA ជួយពិនិត្យផ្តល់លទ្ធភាពជួយការងារ ជំនាញលទ្ធភាពហោះហើរ (Airworthiness) ទាំងការធ្វើបច្ចុប្បន្នភាពបទបញ្ញតិបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយស្នើសុំឲ្យសហគមន៍អឺរ៉ុប គួរបង្កើត AIRBUS line Maintenance នៅកម្ពុជាផង។
លោក Luc ដោយបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងរីករាយយ៉ាងខ្លាំងទទួលយកនូវសំណើទាំងអស់នេះ ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ EASA ដើម្បីជួយកម្ពុជា មិនគ្រាន់តែសំណើមួយនេះទេ គឺលោកនឹងពិនិត្យពិចារណាលើការងារជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងអាកាសយានិក ច្បាប់ និងបរិស្ថានជាដើម តាមរយៈការផ្លាស់ប្តូរលិខិត និងការចុះអនុស្សារណៈយោគយល់ជាមួយគ្នា៕