(ភ្នំពេញ)៖ ក្រុមនិស្សិតសាកលវិទ្យាល័យន័រតុនជំនាញ២ផ្សេងគ្នា វិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថាបត្យកម្ម ដណ្តើមបានពានរង្វាន់មេដាយជាច្រើនគ្រឿង នៅក្នុងព្រឹត្តការណ៍ពិភពលោក «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នៃកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩» ដែលព្រឹត្តការណ៍នេះ ប្រទេសក្រូអាត ធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តការណ៍ពិភពលោក «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នៃកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩» ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានជាង១០ប្រទេសចូលរួម ហើយក្នុងនោះកម្ពុជាបានជ្រើសរើសនិស្សិតនៃសាកលវិទ្យាល័យន័រតុន ទៅធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមេដាយ និងបង្ហាញសមត្ថភាពរបស់និស្សិតកម្ពុជាផងដែរ។
ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យន័រតុន តំណាងប្រទេសកម្ពុជា ដោយពាំនាំយកមេដាយជាច្រើនគ្រឿង ជូនជាតិជាមោទនភាព និងបានបង្ហាញពីភាពអស្ចារ្យមួយ នៃផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថាបត្យកម្ម និងជាគំរូដល់ល្អសម្រាប់និស្សិតជំនាញក្រោយ ដែលពេញចិត្តនឹងជំនាញនេះ។
លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា នៃសាកលវិទ្យាល័យ ន័រតុន បានឲ្យដឹងថា «និស្សិតសាកលវិទ្យាល័យន័រតុន គឺទទួលជ័យលាភី ក្នុងកម្មវិធីគំនិតច្នៃប្រឌិត និងការបង្កើតថ្មីប្រចាំឆ្នាំ២០១៩ នៅក្រូអាត នាពេលកន្លងទៅនេះ គឺជាមោទកភាពយ៉ាងខ្លាំងសម្រាប់កម្ពុជា ដែលទាំងនេះ ជាមោទកភាពសម្រាប់សាកលវិទ្យាល័យន័រតុន ក៏ដូចជាប្រទេសកម្ពុជា ដែលកូនខ្មែរសម័យនេះ បានបង្កើតស្នាដៃថ្មីៗ ដើម្បីបានចូលរួមប្រកួតប្រជែងស្នាដៃ នៅក្នុងប្រទេសអន្ដរជាតិ ជាពិសេសប្រទេសក្រូអាត ដែលល្បីផ្នែកវិស័យបាលទាត់ ហើយយើងចូលរួមនេះ ក៏ជាលើកទីមួយដែរ»។
ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យានៃសាកលវិទ្យាល័យន័រតុនរូបនេះបន្ដថា កម្មវិធីប្រកួតប្រជែងស្នាដៃសិស្ស-និស្សិត ជាលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ «គំនិតច្នៃប្រឌិត និងបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩» គឺមានជាង១០ប្រទេសបានចូលរួម និងភាគច្រើនជាប្រទេសប៉ែកអឺរ៉ុប តែសម្រាប់ប្រទេសអាស៊ីវិញគឺរួមមាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, វៀតណាម,ម៉ាឡេស៊ី និងតៃវ៉ាន់ ក្នុងនោះកម្ពុជាបានពាំនាំយកពានរង្វាន់ និងមេដាយជាច្រើនគ្រឿង។
លោក សារៈ ភិន ជានិស្សិតសិក្សាសាកលវិទ្យាល័យន័រតុន ទើបមកពីប្រទេសក្រូអាត ដែលទទួលពានរង្វាន់ផ្នែកស្ថាបត្យកម្មបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះជ័យលាភីនាពេលនេះ ពីព្រោះនេះជាលើកដំបូង សម្រាប់ក្រុមរបស់យើងខ្ញុំ ដែលបានទៅប្រកួតប្រជែង នៅប្រទេសក្រូអាត»។
សម្រាប់ កញ្ញា ហេង វ៉ាងស្រីនុន ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បានឲ្យដឹងថា «ការប្រកួតប្រជែងស្នាដៃសិស្ស-និស្សិតប្រចាំឆ្នាំ២០១៩ នៅក្រូអាត ក្រុមរបស់ពួកខ្ញុំបានខិតខំប្រែងយ៉ាងខ្លាំង ដើម្បីបង្ហាញសមត្ថភាពឲ្យអន្ដរជាតិ បានដឹងកូនខ្មែរខ្លាំងប៉ុណ្ណា? និងគម្រោងក្រុមរបស់ក្រុមខ្ញុំ បានខិតខំប្រឹងប្រែងអស់រយៈពេល ជាយូរមកហើយ ជាលទ្ធផលពួកគាត់ទទួលបានពានជាច្រើនសម្រាប់ជូនកម្ពុជា»។
សូមជម្រាបជូនថា ការចូលរួមនៅក្នុងព្រឹត្តការណ៍ពិភពលោក «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នៃកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩» លើកនេះ សាកលវិទ្យាល័យន័រតុនដែលតំណាងប្រទេសកម្ពុជា បាននាំយកស្នាដៃចំនួន៧គម្រោង ក្នុងនោះផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររួមមាន៣គម្រោង៖ ទី១៖ NU Eco Smart Fan, ទី២៖ NU Guide Robot និងទី៣ NU App។ សម្រាប់ផ្នែកស្ថាបត្យកម្មរួមមានចំនួន៤គម្រោង គឺមានដូចជា៖ ទី១៖ ប្រព័ន្ធស្វែងរក និងការពារការវង្វេងនៅតំបន់សំបូរព្រៃគុក, ទី២៖ ទេសចរណ៍វត្តបុរាណ, ទី៣៖ ផ្ទះខ្មែរបែបទំនើប និងទី៤៖ ការងើបឡើងវិញនៃផ្ទះខ្មែរ៕