(កណ្ដាល)៖ លោក អឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅ តាមដងទន្លេបាសាក់ ចូលរួមតាមដាននូវរាល់សកម្មភាពនានា ក្នុងការបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទ៖ ០៩៥ ៧២៧ ៧២៧ ឬលេខ ៧២៧ ដើម្បីឱ្យក្រសួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង ដោយគិតពីទំហំនៃបទល្មើសជាក់ស្ដែង។
ការអំពាវនាវបែបនេះ របស់លោក អឹង ឌីប៉ូឡា បានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងវេទិកាផ្សព្វផ្សាយស្តីពី «ការបូមស្តារខ្សាច់ នៅតាមដងទន្លបាសាក់ ចាប់ពីព្រំប្រទល់ ភ្នំពេញ-កណ្តាល»។
លោក អឹង ឌីប៉ូឡា បានលើកឡើងថា បញ្ហាបូមខ្សាច់ខុសច្បាប់ គ្មានអញ្ញាបណ្ណ ពុំមានបច្ចេកទេសត្រឹមត្រូវ គឺបានបង្កឱ្យមានបញ្ហាបាក់ច្រាំងទន្លេ ដែលផ្តល់ផលប៉ះពាល់ដល់លំនៅស្ថាន របស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេជាបន្តបន្ទាប់។
លោក អឹង ឌីប៉ូឡា បានបញ្ជាក់ថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្ដល់ផលប៉ះពាលដល់ទន្លេទេ តែថែមទាំងជួយដល់ទន្លេ ឱ្យមានជម្រៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។
លោកក៏បានបញ្ជាក់ពីកត្កាដែលបង្ក ឱ្យមានការបាក់ច្រាំងគឺ ដោយសារតែនៅកណ្តាលទន្លេបាសាក់ មានសភាពរាក់ ធ្វើឱ្យខ្សែទឹកបុកមកខាងៗ ច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅ ជិតច្រាំងផងដែរ ពិសេសគឺការបូមខ្សាច់បែបអណាធិបតេយ្យ គ្មានអញ្ញាបណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជម្រៅ និងចរន្តទឹកហូររបស់ទន្លេ។
ថ្លែងក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបូមស្តារទន្លេនេះ គឺជាផលប្រយោជន៍ របស់បងប្អូន ប្រជាពលរដ្ឋ ធ្វើឡើងដើម្បីសំរួលចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ ហើយម៉្យាងទៀត ខ្សាច់ដែលបានមកពីស្តារនេះ និងយកទៅសម្រាប់កសាងរចនាសម្ព័ន្ធ សាលារៀន ទីស្នាក់ការខេត្ត និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ក្នុងខេត្តកណ្តាល។
លោកក៏បានជំរុញឱ្យអាជ្ញាធរ ក្រុង ត្រូវណែនាំដល់ឡានដឹកខ្សាច់ ត្រូវដឹកខ្សាច់ដែលស្ងួត និងគ្របឱ្យជិតត្រឹមត្រូវតាមស្តង់ដារ ដឹកកុំឱ្យដឹកលើសទម្ងន់ បើកបរតាមល្បឿនកំណត់ ត្រូវចូលរួមថែរក្សាបរិស្ថាន ដោយត្រូវលាងសំអាតកងរថយន្តរាល់ពេលដឹក ពិសេសត្រូវលាងសំអាតផ្លូវ ឱ្យបានស្អាតជាប្រចាំចៀសវាងកុំឱ្យមានការប្រលាក់ផ្លូវថ្នល់ ការហុយដី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ៕