(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងារជាច្រើនរូប ចុះរៀបចំការវាស់វែង និងកំណត់ព្រំដីនៅលើផ្ទៃដីបឹងទំពុន ជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ពេជ្រ កែវមុនី បានលើកឡើងថា កិច្ចការនៅថ្ងៃនេះ គឺក្រុមការងារ បានពិនិត្យលើចំណុ ចសំខាន់ៗចំនួន២រួមមាន៖
*១៖ ស្វែងរកចំណុចព្រំដីទំហំ៤៧.៩ហិកតា ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
*២៖ ស្វែងចំណុចព្រំដីរបស់អ្នកកាន់កាប់ទាំងអស់ នៅលើផ្ទៃបឹងទំពុន ទំហំ៤៧.៩ហិកតា។
ជាមួយគ្នានោះ អភិបាលខណ្ឌមានជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងការកាន់កាប់ដីនៅលើផ្ទៃដីបឹងទំពុនខាងលើ យកឯកសារពាក់ព័ន្ធ និងការកាន់កាប់ដី យកមកទំនាក់ទំនងជាមួយនឹងក្រុមការងារដើម្បីពិនិត្យឯកសារ។
ក្រោយមានការពិនិត្យ និងទទួលបាន ឯកសារកាន់កាប់ដី និងប្រជុំណែនាំពីនីតិវិធីនៃការវាស់វែង នោះមន្រ្តីជំនាញ នឹងធញវើការកំណត់ពេលវេលាចុះវាស់វែងដល់ទីទាំងជាក់ស្តែងផងដែរ។
គួរបញ្ជាក់ថា រៀបចំការវាស់វែង និងកំណត់ព្រំដីនៅលើផ្ទៃដីបឹងទំពុន ជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នេះក៏មានការចូលរួមពីមន្រ្តីតាមក្រសួងពាក់ព័ន្ធមួយចំនួនរួមមាន ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្រ្តីសាលារាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញផងដែរ៕