(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញបញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារកម្ពស់ ៤២ជាន់ជាបណ្តោះអាសន្ន ក្រោយមានហេតុការណ៍ដ៏ព្រឺព្រួចមួយ នោះគឺធ្លាក់ដែកមកចំរថយន្តស៊េរីទំនើបមួយគ្រឿង នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម លោកអភិបាលរាជធានីភ្នំពេញ នៅពេលនេះបានឲ្យផ្អាក ការដ្ឋានសំណង់នៅអគារនេះហើយ រង់ចាំការសម្រេចនៅពេលក្រោយទៀត»។
បើតាមលោកអភិបាលខណ្ឌ, មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងកើតហេតុ និងនៅក្នុងអគារ ដើម្បីមានចំណាត់ការបន្តទៀត។
សូមបញ្ជាក់ថា ដែកយោងជណ្ដើរយន្ដមួយធ្លាក់ចេញពីអគារកម្ពស់ ៤២ជាន់ នៅក្បែរស្ដុបពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវចំរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខភ្នំពេញ2BC-7788 ខ្ទេចមួយកំណាត់ក្រោយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរដែលឈប់រង់ចាំស្ដុប នៅក្បែរភ័យព្រលឹងចុងសក់។
សេចក្ដីរាយការណ៍ពីភា្នក់ងារ Fresh News បានឲ្យដឹងថា រថយន្ដដែលធ្លាក់ដែកត្រូវនេះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ស្ដុបក៏ឈប់រង់ចាំ ជាមួយអ្នកដំណើរផ្សេងទៀត ស្រាប់តែពេលកំពុងឈប់នោះ ក៏ដែកមួយផ្ទាំងធំធ្លាក់ចេញពីអគារកម្ពស់៤២ជាន់ ចំរថយន្ដនោះផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យការខូចខាត។ តែអ្វីដែលជាសំណាងនោះ ផ្ទាំងដែកធំមួយនេះ មិនខ្ទាតត្រូវពលរដ្ឋណាម្នាក់ ដែលនៅក្បែរនោះឡើយ។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការធ្លាក់ដែកចេញអគារកម្ពស់៤២ជាន់ ដែលកំពុងដំណើរការសាងសង់នេះ ពោលកន្លងទៅថ្មីៗនេះ ក៏មានហេតុការណ៍ធ្លាក់ដែកចំរថយន្ដនៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតផងដែរ៕