មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បន្តចុះអង្កេតទំនិញនៅលើទីផ្សារ និងផ្សារទំនើប ក្នុងក្រុងសៀមរាប តែរកមិនឃើញផលិតផលណាមួយខូចគុណភាពឡើយ
20-11-2019 15:18
(សៀមរាប)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដឹកនាំដោយលោក ព្រៅ ខេមរិទ្ធ ជាប្រធានសាខា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្ត ធ្វើការចុះបន្តត្រួតពិនិត្យសុវត្ថិភាព គុណភាពទំនិញនៅលើទីផ្សារ និងហាងលក់ទំនិញមួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
លោក ព្រៅ ខេមរិទ្ធ បានឲ្យដឹងថា ដោយមានការសហការ ពីគណៈកម្មការផ្សារធំថ្មី ដែលមានទីតាំងស្ថិត នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មន្រ្តីរបស់លោកបានធ្វើការត្រួតពិនិត្យ ជាបឋមដើម្បីរកសាធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារបានចំនួន ៨មុខ ដូចជា៖ សរសៃមីលឿង, សរសៃគុយទាវ, សណ្ដែកបណ្ដុះ, ប្រហិតកិន ២គំរូ, បង្កងថៃ, ម៉ឹកថៃ, និងត្រពាំងត្រាំ និងបានបន្តចុះឆែកផលិតផល វេចខ្ចប់ ដែលលក់នៅតាមតូប ដើម្បីត្រួតពិនិត្យកាលផុត កំណត់ប្រើប្រាស់ កំប៉ុងប៉ោង កំពិត ច្រែស៊ីជាដើម។
លោកប្រធានសាខា បានឲ្យដឹងថា នៅរសៀលថ្ងៃខែឆ្នាំដដែល មន្រ្តីរបស់លោកបានបន្តចុះត្រួតពិនិត្យ ទំនិញនៅតាមហាង និងផ្សារទំនើប ដើម្បីឆែកមើលកាលផុត កំណត់ប្រើប្រាស់ កំប៉ុងកំពិត ច្រែស៊ីមានដូចជា៖ ផ្សារទំនើប ចៅ សាំងហុក ដែលមានទីតាំងនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងSmile Shop Mart ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ បានបន្តថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញតាមផ្សារក្នុងក្រុងសៀមរាបខាងលើនេះ ជាលទ្ធផល នៅក្នុងផ្សារលើធំថ្មី និងបណ្ដាហាងទាំងពីរខាងលើ យើងពុំបានទទួលភាព មិនប្រក្រតីលើផលិផលណាមួយឡើយ។
លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់៕