(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទដាក់លក់ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន ហើយបានរកឃើញផលិតផលមួយចំនួន គ្មានកាលបរិច្ឆេទ និងខូចគុណភាព។
លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញ នៅផ្សារកំពង់ធំខាងលើនេះ ក្រុមការងារបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ និងខូចគុណភាព ដូចជា៖
១៖ ស្ករគ្រាប់ ម៉ាក KEO ចំនួន២៩កញ្ចប់ ផលិតនៅវៀតណាម
២៖ មី ម៉ាក ម៉ាម៉ា ចំនួន១០កំប៉ុង ផលិតនៅប្រទេសថៃ
៣៖ ទឹកផ្លែឈើ ម៉ាក VOLT ចំណុះ៤៦៥ មីលីលីត្រ ចំនួន៤០ដប ផលិតនៅប្រទេសថៃ
៤៖ ទឹកផ្លែឈើ ម៉ាក YUDO ចំណុះ៣៨០មីលីលីត្រ ចំនួន៤៨ដប របស់ខ្មែរ
៥៖ ទឹកផ្លែឈើ ម៉ាក FunFun ចំណុះ៣២០មីលីលីត្រ ចំនួន៤៨ដប ផលិតនៅប្រទេសថៃ
៦៖ ទឹកសុទ្ធ ម៉ាក BABYRA ចំនួន៣០យួរ គ្មានកាលបរិច្ឆេទ របស់ខ្មែរ
៧៖ ទឹកសុទ្ធ ម៉ាក Okithana ចំនួន៤៨ដប គ្មានកាលបរិច្ឆេទ ផលិតនៅខ្មែរ ។
លោកប្រធានសាខា បានឲ្យដឹងថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ បានធ្វើកំណត់ហេតុ ដកហូតយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នាពេលខាងមុខ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់៕