(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនជាតិខ្មែរ និងបរទេសជាង២០០នាក់ ក្នុងនោះមានស្រី ១៣០នាក់ ដែលមាន ៧សញ្ជាតិ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅក្នុងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត។
មនុស្សទាំងជាង ២០០នាក់នោះ រួមមាន៖ ថៃ ១៨៣នាក់ (ស្រី ១១៨នាក់), ឥណ្ឌា ៣នាក់, ម៉ាឡេស៊ី ២នាក់, ឥណ្ឌូនេស៊ី ២នាក់, តៃវ៉ាន់ ២នាក់, ឡាវ ៥នាក់ (ស្រី៤នាក់) ខ្មែរ ១២នាក់ (ស្រី ៦នាក់)។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យរួចរាល់ កម្លាំងចម្រុះបានសម្រេចដូចខាងក្រោម៖
*ទី១ ៖ អនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២ នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ
*ទី២ ៖ ឃាត់ខ្លួនជនបរទេសចំនួន ១៩៧នាក់ ស្រី១២៤នាក់ បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត
*ទី៣ ៖ ដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រចំនួន ១០គ្រឿង និងទូរស័ព្ទដៃមួយចំនួន
*ទី៤ ៖ សម្រេចបិទស៊ីលអគារទីតាំងកាស៊ីណូខាងលើ៕