(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី ឡេង ណាវ៉ាត្រា បានសម្រេចចុះកិច្ចព្រមព្រៀង ជាមួយនឹងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដើម្បីបង្កើតថ្នាក់សិក្សាភាសាកូរ៉េ ដោយឥតគិតថ្លៃ ផ្ដល់ឱកាសដល់សិស្ស-និស្សិត ដែលមានបំណងចង់ទៅធ្វើការ នៅក្នុងប្រទេសកូរ៉េ និងការផ្ដល់នូវព័ត៌មានជាក់លាក់មួយ សម្រាប់អ្នកសិក្សា ពេលទៅបំពេញការងារ នៅក្នុងប្រទេសកូរ៉េ តាមរយៈកិច្ចសហការរវាងសាលា-ក្រសួងការងារ និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា។
ពិធីចុះកិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្រោមវត្តមានលោក តឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងលោកគ្រូ អ្នកគ្រូជាសាស្ត្រាចារ្យ ព្រមទាំងនិស្សិតជាច្រើននាក់។
លោក តឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងនេះ សិស្ស-និស្សិត នឹងទទួលបាននូវចំណេះដឹងផ្នែកភាសាកូរ៉េ បានយ៉ាងងាយស្រួល ព្រោះការសិក្សា មិនតម្រូវឲ្យបង់ប្រាក់ឡើយ ពោលគឺក្រោមការឧបត្ថម្ភពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្ដង។ កន្លងមកលោកឧកញ៉ា តែងតែចូលរួមសហការ និងជួយដល់វិទ្យាស្ថាន ជាច្រើនលើកមកហើយ ខណៈថ្ងៃនេះវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ពិតជាមានកិត្តិយស ដែលបានលោកឧកញ៉ា ចាប់ដៃគូសហការ លើការសិក្សាភាសាកូរ៉េ។
លោកបន្តថា គោលបំណងសំខាន់មួយទៀត គឺបន្ទាប់ពីផ្ដល់ឱកាសសិក្សា ដោយមិនគិតថ្លៃរួចមក និស្សិតនឹងមានឱកាសច្រើនក្នុងការទៅបំពេញការងារ នៅក្នុងប្រទេសកូរ៉េ ពេលសិក្សាចប់ ក្រោមកិច្ចសហការ ជាមួយក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនិតិសម្បទា ក្រោមការជួយជ្រោមជ្រែងបន្ថែម ពីក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោកនាយកសាលា ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកន្លងមកតែងតែជួយជ្រោមជ្រែង ស្ទើរគ្រប់សកម្មភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដែលធ្វើឲ្យវិទ្យាស្ថានមួយនេះ មានឈ្មោះល្បីរន្ទឺ ដល់សាធារណៈជន។
ដោយឡែក លោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានថ្លែងថា គោលបំណងដែលលោកបង្កើតថ្នាក់សិក្សា ភាសាកូរ៉េដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់សនិស្សិត ដែលមានបំណងចង់ទៅបំពេញការងា នៅក្នុងប្រទេសកូរ៉េ បានរៀនភាសាកូរ៉េឲ្យស្ទាត់ជំនាញ ប្រឡងទៅធ្វើការងារឆាប់ជាប់ និងផ្ដល់ជូននូវព័ត៌មានជាក់លាក់ ច្បាស់លាស់ មុននឹងចេញទៅបំពេញការងារនៅក្រៅប្រទេស ជៀសវាងចាញ់បោកជនខិលខួច និងក្រុមហ៊ុនមួយចំនួន ដែលមិនមានប្រភពច្បាស់លាស់។
លោកឧកញ៉ាបន្តថា ការសិក្សានេះ គឺមិនមានផលប៉ះពាល់ ដល់ការសិក្សាជំនាញរបស់និស្សិត ឬការធ្វើការងារណាមួយរបស់ប្អូនៗ និស្សិតឡើយ ពោលគឺយើងសិក្សានៅចន្លោះម៉ោងណាមួយ ដែលទំនេរ ហើយក៏ជំរុញឲ្យនិស្សិត ធ្វើការអនុវត្តជាក់ស្ដែង ពោលគឺធ្វើការងារបណ្ដើរ និងសិក្សាបណ្ដើរ ដើម្បីបានចំណូលផ្គត់ផ្គង់ ការសិក្សារបស់ខ្លួន មុននឹងសម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ។
លោកឧកញ៉ា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺគ្មានអ្វីក្រៅតែចង់ឃើញនិស្សិតរបស់យើង មានជីវភាពល្អប្រសើរ នៅថ្ងៃអនាគត ជៀសវាងពេលបញ្ចប់ការសិក្សា រយៈពេល៣ទៅ៤ឆ្នាំហើយនោះ ស្រាប់តែគ្មានការងារធ្វើ ជាហេតុនាំឲ្យខាតបង់ទាំងថវិកា និងពេលវេលារបស់ខ្លួន ហើយការចេញទៅបំពេញការងារនៅកូរ៉េ ក៏ជាឱកាសសន្សំទុនទុកឲ្យបានច្រើន ដើម្បីបើកអាជីវកម្ម ឬមុខជំនួញអ្វីមួយ ពេលត្រឡប់មកប្រទេសរបស់ខ្លួនវិញផងដែរ។
សូមបញ្ជាក់ថា វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃដំបូង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺមានរយៈពេល២ឆ្នាំ ហើយធ្វើការជ្រើសរើសនិស្សិតឲ្យចូលសិក្សា ១វគ្គចំនួន២០០នាក់ ដោយត្រូវរៀន ចន្លោះ៣ទៅ៦ខែ ម៉ោងសិក្សាអាចធ្វើចន្លោះ ម៉ោង១២ថ្ងៃត្រង់ ទៅម៉ោង៥ ល្ងាច។ ថ្នាក់បន្ទាប់នឹងបន្តទទួលនិស្សិតបន្ថែមទៀត ប្រសិនបើមានតម្រូវការច្រើនជាងនេះ៕