សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរសហការគ្នាចូលរួមចំណែកពង្រឹងកិច្ចការពហុភាគី ក្នុងក្របខណ្ឌ WTO ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី (Video inside)
20-11-2019 14:03
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានទទួលជួបលោកស្រី សារិន សាមីន ឆាដហូរី (Shirin Sharmin Chaudhury) ប្រធានសភា បង់ក្លាដេស ដើម្បីសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោកស្រីបានអរគុណសម្ដេច ដែលបានអញ្ជើញប្រតិភូបង់ក្លាដេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសកម្ពុជានេះ។
លោកស្រីបានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីរវាង បង់ក្លាដេស និងកម្ពុជា ដែលមានការអភិវឌ្ឍទៅមុខយ៉ាងល្អ ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរៀបចំ កិច្ចប្រជុំដោយជោគជ័យ ជាពិសេសការជំរុញយន្តការ នៃកិច្ចប្រជុំដែលមានសារៈសំខាន់ ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់គណៈប្រតិភូ របស់បង់ក្លាដេសដែលធ្វើឲ្យកិច្ចប្រជុំ ទទួលបានជោគជ័យ ហើយសម្តេចក៏បានគូសបញ្ជាក់ផងដែរថា ត្រូវតែរកមធ្យោបាយធ្វើយ៉ាងណាជំរុញយន្តការកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ដោយគាំទ្រគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅជាងមុន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រទេសទាំងពីរបានរួមចំណែក ក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ហើយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរតែធ្វើយ៉ាងណាសហការគ្នា ចូលរួមចំណែកក្នុងការពង្រឹងកិច្ចការពហុភាគី ក្នុងក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា, សម្ដេចក៏បានស្នើឲ្យលោកស្រី រាយការណ៍ជូននាយករដ្ឋមន្ត្រីបង់ក្លាដេសថា តាមការស្នើសុំពីមុនមក គឺសម្ដេចតេជោ កំពុងធ្វើការជាមួយបណ្តាប្រទេស ដែលជាសមាជិក នៃយន្តការកិច្ចសហប្រតិបត្តិការនេះ ព្រោះបង់ក្លាដេស ចង់ក្លាយជាសមាជិកក្នុងក្របខណ្ឌនេះ៕