(ព្រះសីហនុ)៖ ដើម្បីពង្រឹងសុវត្ថិភាពម្ហូបអាហារនៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ បានបន្តចុះអង្កេតទំនិញ នៅតាមផ្សារទំនើប និងផ្ទះលក់ចាប់ហួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយរកឃើញទំនិញហួសកាលបរិច្ឆេទ ១៤២គីឡូក្រាម។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ម្ហូបអាហារវេចខ្ចប់ស្រាប់ ខូចគុណភាព និងហួសកាលបរិច្ឆទ នៅផ្សារទំនើបយ៉ាស្មីន ភេសជ្ជៈចំរុះ (តែបៃតង Fuze ទឹកក្រូច Mirinda និងទឹកក្រូចដប Pepsi ) សរុបចំនួន ១៥កេស(១៩២ដប និង១៤៤កំប៉ុង) ស្មើរនឹង ១៤២ គីឡូក្រាម ដោយ បានធ្វើកំណត់ហេតុ ដកហូតទុកដុតកំទេចចោល។
មន្រ្តីជំនាញកាំកុងត្រូល បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕