(កំពង់ចាម)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ស្តីពី «ច្បាប់យុត្តិធម៌អនីតិជន» បានតម្រូវឲ្យក្រសួងសង្គមកិច្ច ត្រូវធ្វើការបណ្តុះបណ្តាលភ្នាក់ងារសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អនីតិជនទំនាស់នឹងច្បាប់ ស្របតាមបទដ្ឋានជាតិ អន្តរជាតិ សំដៅទប់ស្កាត់ ការប្រព្រឹត្តបទល្មើស របស់អនីតិជន និងដើម្បីឧត្តមប្រយោជន៍របស់អនីតិជនដែលត្រូវបានដកហូតសេរីភាព។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមកគ្រប់ក្រុងស្រុក នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀងប្រមាណ៥០នាក់។
ក្នុងពិធីនេះផ្តោតសំខាន់ទៅលើ ភាពខុសគ្នារវាងកុមារនិងមនុស្សពេញវ័យ ការអភិវឌ្ឍប្រព័ន្ធសរសៃប្រាសាទ ការចូលរួមប្រព្រឹត្តបទល្មើស ដំណាក់កាលស្តាប់ចំលើយរបស់កុមារជាមួយ មន្ត្រីនរគបាលយុត្តិធម៌ សមត្ថភាពក្នុងការចូលរួមសវនាការ នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ នីតិភាពនៃការរួមភេទ សមត្ថកិច្ចរបស់នរគបាលយុត្តិធម៌ក្នុងការចេញសេចក្តីព្រមាន វត្តមានរបស់ភ្នាក់ងារសង្គមកិច្ច និងមេធាវី មុននិងក្រោយពេលស្តាប់ចំលើយដែលធ្វើដោយនរគបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ តួនាទីរបស់ភ្នាក់ងារសង្គមកិច្ច និងរបាយការណ៍ស្តីពីការប៉ាន់ប្រមាណសុខាមាលភាព និងស្ថានភាពសង្គមកិច្ចរបស់អនីតិជន។
នេះជាការលើកឡើងរបស់ លោក ធូ ស៊ុន រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការងារសង្គមកិច្ចដែលទាក់ទងនឹងអនីតិជនទំនាស់និងច្បាប់ បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច បានព្យាយាមបញ្ចៀសអនីតិជនទំនាស់និងច្បាប់ ចេញពីនីតិវិធីផ្លូវការរបស់តុលាការ ដើម្បីកុំឲ្យជាប់ក្នុងបញ្ជីថ្កោលទោលផងដែរ។
លោកបានបន្តថា ជាមួយគ្នានេះ ភ្នាក់ងារសង្គមកិច្ច ត្រូវមានវត្តមាននៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលនគរបាលយុត្តិធម៌ឡើងទៅ ហើយវត្តមានរបស់ភ្នាក់ងារសង្គមកិច្ចនេះ គឺដើម្បីផ្តល់ការគាំទ្រផ្លូវចិត្ត សេវាសង្គមចាំបាច់នានា និងធ្វើរបាយការណ៍ប៉ាន់ប្រមាណស្តីពីសុខុមាលភាព និងស្ថានភាពសង្គមរបស់អនីតិជន។ លោក ធូ ស៊ុន បានពន្យល់ថា ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួនអនីតិជន គឺជាជម្រើសចុងក្រោយ និងត្រូវមានរយៈពេលខ្លីបំផុត។
គួរបញ្ជាក់ថា ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ជាប្រព័ន្ធយុត្តិធម៌ទំនើបមួយ ដែលផ្ដោតសំខាន់ទៅលើការបង្វែរ ដែលតម្រូវឲ្យមានការពិចាណានៅគ្រប់ដំណាក់កាលនៃនីតិវិធី ជាពិសេសដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ ហើយការឃុំខ្លួនជាជម្រើសចុងក្រោយ និងមានរយៈពេលខ្លីបំផុតផងដែរ៕