(សាធារណរដ្ឋកូរ៉េ)៖ តំណាងនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចាំទទួលស្វាគមន៍វត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងគណៈប្រតិភូដែលនឹងអញ្ជើញ ជួបសំណេះសំណាលពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
តំណាងនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ TLBU របស់សាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ ឆ្លៀតចុះជួបសួរសុខទុក្ខដោយផ្ទាល់ ជាមួយពលករ ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដែលពួកគាត់ចាត់ទុកថា ជាឱកាសដ៏ល្អបំផុត។
គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូងនោះ ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះ៕