(ភ្នំពេញ)៖ សមាគមចុងភៅពិភពលោក និងសមាគមចុងភៅកម្ពុជា បានបង្ហាញគោលបំណងចំពោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងរបស់សមាគមចុងភៅកម្ពុជា និងសមាគមចុងភៅពិភពលោក លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបាន គឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញទំនុកចិត្តទៅវិញថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង ព្រមទាំងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។
ក្រោយជំនួបពិភាក្សានារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គោដិនស៊ីធី លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបពិភាក្សានេះដែរ សមាគមចុងភៅកម្ពុជា និងសមាគមចុងភៅពិភពលោក បានបង្ហាញបំណងចង់រៀចំព្រឹត្តិការណ៍នេះ នៅមុខប្រាសាទអង្គរវត្ត នៅកំលុងខែមេសា ឆ្នាំ២០២០ ខាងមុខ។
លោក តុប សុភ័ក បានបន្តថា បើតាមសមាគមចុងភៅកម្ពុជា និងសមាគមចុងភៅពិភពលោក ព្រឹត្តិការណ៍ខាងលើនេះ ដូចជាសកម្មភាពសប្បុរសធម៌ភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ដូច្នេះដែរ ពោលគឺដើម្បីរៃអង្គាសថវិកាយកទៅជួយកុមារកំព្រា ជនរងគ្រោះ និងការងារមនុស្សធម៌នានា ដែលបានពីការចូលរួមរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់។
លោក តុប សុភ័ក បានបន្ថែមថា រដ្ឋមន្ត្រី ថោង ខុន ក៏បានចាត់ឱ្យមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវធ្វើការងារពាក់ព័ន្ធជាមួយសមាគមទាំងពីរខាងលើឱ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាបង្កើតផលិតផលទេសចរណ៍ដ៏ពិសេសមួយជូនភ្ញៀវទេសចរ និងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទេសចរអន្តរជាឱ្យកាន់តែទូលំទូលាយ តាមរយៈព្រឹត្តិការណ៍នេះ។
សមាគមចុងភៅពិភពលោក បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ខាងលើនេះ គឺត្រូវបានរៀបចំប្រកបដោយជោគជ័យជាច្រើនដងមកហើយនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ហើយឆ្នាំក្រោយនេះ សមាគម និងភ្ញៀវទេសចរអន្តរជាតិ ពិតជាពេញចិត្តចំពោះគោលដៅទេសចរអង្គរ-សៀមរាបជាខ្លាំង។
លោក តុប សុភ័ក បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារខាងលើនេះ គឺជាផលិតផលទេសចរណ៍ដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោក ហើយតាមរយៈការចូលរួមជាមួយព្រឹត្តិការណ៍នេះ ពួកគេក៏នឹងចេញទៅទស្សនានៅតាមគោលដៅទេសចរណ៍នានារបស់កម្ពុជាផងដែរ ពិសេសរមណីយដ្ឋានអង្គរ ក្រុងសៀមរាប ក៏ដូចជាតំបន់ជុំវិញជាដើម៕