(បន្ទាយមានជ័យ)៖ ស្របពេល ដែលប្រជាកសិករកំពុងមមាញឹកក្នុងការប្រមូលផលស្រូវស្រាល លោក អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ ទីផ្សារពាណិជ្ជកម្មខេត្ត លោក ដុំវណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះពិនិត្យមើលជាក់ស្តែង នៃការប្រមូលផលស្រូវរបស់កសិករ ដោយបានជួបជាមួយសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឈ្មួញ និងបានពិនិត្យមើលតម្លៃទិញ លក់ រវាងកសិករ និងឈ្មួញ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
គូរជម្រាបថា ជាមួយនិងការគិតគូរដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករ លោក អ៊ំុ រាត្រី ក្នុងកិច្ចប្រជុំសំខាន់ៗរបស់រដ្ឋបាលខេត្ត តែងតែផ្តល់អនុសាសន៍ណែនាំដល់ មន្ទីរជំនាញ ពាក់ព័ន្ធ អាជ្ញាធរ ដែនដី ចុះទៅមូលដ្ឋានដើម្បីប្រមូលយកព័ត៌មាន សំណូមពរ និងមានវិធានការដោះស្រាយ ហើយបើពុំអាចដោះស្រាយបាន ត្រូវ ធ្វើ របាយការណ៍ តាម ឋានានុក្រមមកខេត្ត និងទៅក្រសួង ឫក្រុមការងារថ្នាក់ជាតិដើម្បីរួមគ្នាដោះស្រាយ។ ក្នុងនោះដែរវត្តមានរបស់លោកអភិបាលខេត្ត តែងតែចុះជួប កសិករ ពិនិត្យមើលការងារបង្ករបង្កើនផល តាំងពីរដូវបង្កបង្កើនផល ខ្វះទឹក និងជួបគ្រោះទឹកជំនន់ជាដើម ដើម្បីមានជាវិធានជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
សូមបញ្ជាក់ថា របាយការណ៍ផ្លូវការរបស់ជំនាញពាណិជ្ជកម្មខេត្តឲ្យដឹងថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយហិកតា គិតជាមធ្យមពី ២,៨០០បាត ទៅ៣,០០០បាត (តាមបំបន់នីមួយៗ)។ តម្លៃស្រូវចន្លោះពី ៧,៨០០បាត ទៅ ៨,៣០០បាត ស្មើនឹង១.០៥៣.០០០រៀល ក្នុង១តោនទៅ ១,១២០,៥០០រៀល ក្នុង១តោន (តាមប្រភេទគុណភាពស្រូវ) ។ បញ្ហាប្រឈមមានដូចជាការប្រើប្រាស់ពូជន៍មិនសុទ្ធ ស្រូវទុំមិនស្មើគ្នា គ្រាប់ស្រូវស្រអាប់មិនល្អ ។
មូលហេតុដែលធ្វើឲ្យតម្លៃស្រូវធ្លាក់ចុះឆ្នាំនេះ ដោយសារពុំសូវមានប្រភពបញ្ជាទិញ ហើយកសិករប្រមូលផលព្រមៗគ្នាក្នុងពេលតែមួយ ពុំបានប្រមូលផ្តុំគ្នា ដើម្បីលក់ក្នុងតម្លៃតែមួយ ពុំបានធ្វើកិច្ចសន្យាទិញលក់ ជាមួយក្រុមហ៊ុនទិញស្រូវ ។
ប្រជាពលរដ្ឋ ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ សមាគមរោងម៉ាស៊ីនស្រូវ តំណាង RDB តំណាងក្រុមហ៊ុនបៃតង ដើម្បីជួយដោះស្រាយបញ្ហាខាងលើនេះ និងធ្វើជាវិធានការការពារត្រៀមសម្រាប់រដូវប្រមូលផលស្រូវស្រាលដើមរដូវ និងរដូវប្រមូលផលបន្តបន្ទាប់ទៀតផងដែរ ៕