(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី បណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឲ្យរឹងមាំឡើងថែមទៀត ដើម្បីលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ មានដូចជា វិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជាពិសេសទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។
ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការនេះ នៅក្នុងជំនួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកស្រីប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កម្ពុជានិងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនៈកោដិ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋនៃកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់។ ឆ្នាំ២០២០ខាងមុខ ប្រទេសបង់ក្លាដេសនឹងប្រារព្ធខួបទំនាក់ទំនងប្រទេសទំាងពីរ ដោយនៅក្នុងឱកាសនោះមហាវិថីមួយ នៅក្នុងប្រទេសបង់ក្លាដេស ដែលដាក់ឈ្មោះ ព្រះនាមសម្តេចឪ នឹងត្រូវសម្ពោធជាផ្លូវការផងដែរ។
លោកស្រីបណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ ជាពិសេសក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកស្រីបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដេស តាមពេលសមស្របណាមួយ។
សម្តេចប្រធានរដ្ឋសភា បានទទួលសំណើខាងលើ និងបានអបអរសាទរចំពោះសមិទ្ធិផល ដែលសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសសម្រេចបាន ក្រោមការដឹកនាំរបស់លោកស្រី សេក្ខ ហា ស៊ីណា នាយករដ្ឋមន្រ្តី និងលោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា ដែលបានធ្វើឱ្យបង់ក្លាដេស ស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។
សម្តេចប្រធានបានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។
លោកស្រី បណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី បានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្រដល់ការដោះស្រាយបញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ឲ្យបានឆាប់ ជាពិសេសការធ្វើយ៉ាងណាឲ្យពួកគេបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឲ្យបានឆាប់ ដោយហេតុថាបញ្ហានេះជាបន្ទុកធំមួយ របស់បង់ក្លាដេស។ សម្តេចប្រធានរដ្ឋសភា បានគំាទ្រនិងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕