(ភ្នំពេញ)៖ នាឱកាសកិច្ចប្រជុំមហាសន្និបាតនៃអង្គការយូណេស្កូលើកទី៤០ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានឡើងចែករំលែកទស្សនទានក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតច្នៃប្រឌិតក្នុងវិស័យវប្បធម៌។
ការចូលរួមចែករំលែកទស្សនទាន ក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិត របស់លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បីឲ្យមានការចែករំលែកនូវបទពិសោធន៍ល្អៗ អំពីភាពជោគជ័យរបស់ខ្លួន ក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានវប្បធម៌របស់ខ្លួន ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
គណៈប្រតិភូដែលអមដំណើរលោកស្រី ភឿង សកុណា ចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០ នាពេលនេះ មានរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការយូណេស្កូ ព្រមទាំងមន្ត្រីជំនាញមួយចំនួន៕