(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ សម្រាប់ប្រទេសកម្ពុជាទាំងមូល ចំពោះការសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយ ស្តីពីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានយាងសោយទិវង្គតនៅថ្ងៃនេះក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។
ក្នុងសារាចរនេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងសារាចរក៏បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាដវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី មុនចេញទៅប្រកួតស៊ីហ្គេមនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការយាងសោយទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សម្តេចតេជោ ហ៊ុន សែន រួមនឹងមន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី និងអត្តពលិក បានក្រោកឈរស្មឹងស្មាធិ៍គោរពដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គមុននឹងចាប់ផ្តើមកម្មវិធីផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏នឹងដឹកនាំប្រតិភូ របស់រាជរដ្ឋាភិបាល ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះរាម នរោត្តម បុប្ផាទេវី នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ហើយសម្ដេចតេជោ បានប្រាប់ឲ្យតាមស្ថាប័នរដ្ឋនានា ក៏ត្រូវរៀបចំនូវគណៈប្រតិភូ ដើម្បីចូលរួមទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរៀបចំពិធីកាន់ព្រះរាជមរណទុក្ខនាថ្ងៃទី២០ ខែវិច្ឆិកា គឺជាការចូលរួមរំលែកនូវព្រះរាជមរណៈទុក្ខជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេកំពុងព្រះរាជសោកសង្រេងយ៉ាងក្រៃលែង។ បន្ថែមពីនោះ ការកាន់នូវព្រះរាជមរណៈទុក្ខនេះ គឺជារលឹកនឹកគុណ និងតបស្នងនូវព្រះគុណូបការៈទាំងឡាយ ដែលសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានលះបង់អស់ព្រះបញ្ញាញាណ និងកម្លាំងព្រះកាយពល ដើម្បីវប្បធម៌ជាតិ ជាពិសេសលើវិស័យសិល្បៈ៕