(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៧ របស់គ.ជ.អ.ប។
កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖
*ទី១៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំលើកទី១៦ របស់គ.ជ.អ.ប
*ទី២៖ របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គ.ជ.អ.ប
*ទី៣៖ ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
*ទី៤៖ ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត
*ទី៥៖ ការពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។
សូមជម្រាបថា គ.ជ.អ.ប ត្រូវបានបង្កើតឡើង សម្រាប់អនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.អ. ប) គឺជាយន្តការអន្តរក្រសួង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕