(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា ដែលបានរៀបចំនៅប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍រួមចំនួន៨ចំណុច។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក បានរៀបចំដោយ សហព័ន្ធសន្តិភាពសាកល (UPF) សហការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) និងសមាគមអន្តរជាតិនៃសមាជិកសភា ដើម្បីសន្តិភាព(IAPP) ដោយមានវត្តមានចូលរួមទាំងអតីត និងបច្ចុប្បន្ន ប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រធានសភា រដ្ឋមន្រ្តី តំណាងរាស្រ្ត រួមទាំងអង្គការជំនឿសាសនា សង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ។
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបញ្ជាក់ថា៖ «យើងសូមកោតសរសើរដោយស្មោះចំពោះការគាំទ្រពេញលេញ និងដោយស្មោះស្ម័គ្ររបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបានជោគជ័យ នៃកិច្ចកំពូលជាប្រវត្តិសាស្ត្រនេះ និងសូមគាំទ្រអស់ពីចិត្តចំពោះឯកឧត្តម ក្នុងការទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ របស់សហព័ន្ធសន្តិភាពសាកល អ្នកចូលរួមទាំងអស់សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធសន្តិភាពសាកល ដែលត្រូវបានបង្កើតឡើងដោយ បណ្ឌិត សាន់ ម្ញុង មូន និងភរិយា បណ្ឌិត ហាក់ ចា ហាន់ មូន ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព សុភមង្គល ភាពសុខដុម និងវិបុលភាពទៅវិញទៅមក; និងដោយសារតែការយល់ដឹងជាបន្ទាន់ និងកាន់តែច្រើនឡើងក្នុងចំណោមប្រជាជនទូទាំងពិភពលោក ចំពោះគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងភាពជាអ្នកដឹកនាំប្រកបដោយភាពក្លាហាន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ នៃយុគសម័យរបស់យើង គណៈប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩-កម្ពុជា។
សេចក្តីថ្លែងការណ៍រួមនេះ បានអនុម័តលើខ្លឹមសារសំខាន់ៗ៨ចំណុចដូចតទៅ៖
*ទី១ ៖ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពដោយ ដើម្បីដោះ ស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានដទៃទៀត ដែលគំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិ និងភពផែនដីរបស់យើង ដែលជាជម្រកតែមួយរបស់យើង ហើយ
ប្រសិនបើមិនអើពើ វានឹងបង្កគ្រោះថ្នាក់ផ្ទាល់ដល់យើង។
*ទី២ ៖ កិច្ចប្រជុំកំពូលនេះបានកត់សម្គាល់ដោយក្តីព្រួយបារម្ភ ចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើង ដល់សន្តិភាព និងសន្តិសុខពិភពលោក ដោយសារបុព្វហេតុសង្គម នយោបាយ និងសេដ្ឋកិច្ច និងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការអត់ឱនគ្នា ការយល់ដឹងពីគ្នា ទីកន្លែងស្នាក់នៅ និងការទទួលស្គាល់ តួនាទីរបស់សង្គមស៊ីវិល ក្នុងការចូលរួមចំណែកដោះស្រាយជម្លោះ និងធានាឱ្យពិភពលោកប្រកប ដោយសន្តិភាព សមធម៌ និងប្រកបដោយបរិយាបន្នកាន់តែប្រសើរឡើង ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមចំណែកឲ្យសម្រេចបានគោលដៅនេះ។
*ទី៣ ៖ គូស្វាមី និងគ្រួសារមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវសន្តិភាព និងសុភមង្គលយូរអង្វែង ដែលជាកត្តាចូលរួមចំណែកការអភិវឌ្ឍប្រកបដោយចីរភាព និងបានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បានកំណត់ថា «ក្រុមគ្រួសារជាក្រុមធម្មជាតិ និងជាមូលដ្ឋានគ្រឹះនៃសង្គម” ដែល “មានសិទ្ធិទទួលការការពារពីសង្គម និងរដ្ឋ»។
*ទី៤ ៖ សេចក្តីត្រូវការជាចាំបាច់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីដែលទទួលរងអំពើហឹង្សានៅផ្ទះ ការរើសអើងនៅកន្លែងធ្វើការ ការទទួលការអប់រំនៅមានកម្រិត រួមទាំងការកាត់ផ្តាច់ទទួលនូវឱកាសផ្សេងៗ។ មន្រ្តីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់នៃសង្គម បានលើកឡើងពីឬសគុលដែលនាំឲ្យមានវិសមភាពយេនឌ័រ ដោយធ្វើការស្វែងយល់ពីលក្ខណៈចុះសម្រុងគ្នា និងលក្ខណៈបន្ថែមនៃគុណលក្ខណៈ
បុរស និងស្រ្តី។
*ទី៥ ៖ ភាពចាំបាច់ក្នុងការរាប់បញ្ចូលតួនាទីភាពជាអ្នកដឹកនាំរបស់យុវជន និងនិស្សិត ដោយធ្វើការអំពាវនាវឲ្យពួកគាត់ចូលរួមក្នុងការអនុវត្តកាតព្វកិច្ចសង្គម សុចរិតភាពសីលធម៌ និងទទួលខុសត្រូវក្នុងការកសាងវប្បធម៌សន្តិភាព តាមរយៈការបង្កើតផ្នត់គំនិតសាធារណៈជន។
*ទី៦ ៖ សារៈសំខាន់នៃការទទួលស្គាល់ និងគោរពដល់គំនិតផ្តួចផ្តើមសន្តិភាពដែលទទួលបានជោគជ័យ
ដោយរដ្ឋាភិបាល និងវិស័យឯកជន រួមទាំងបុគ្គលផងដែរ ដោយកត់សម្គាល់នូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះដែលបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលស្តែងចេញតាមរយៈការទទួលបានពានរង្វាន់សន្តិភាព និងទម្រង់នៃការទទួលស្គាល់ជាសាធារណៈដទៃទៀតជាច្រើន។
*ទី៧ ៖ឧត្តមគតិនៃការរស់នៅដើម្បីបំពេញប្រយោជន៍អ្នកដទៃ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ដើម្បីជួយមនុស្សចេះសម្របនូវភាពខុសគ្នា និងជំនះការបែកបាក់ក្នុងទំនាក់ទំនងមនុស្ស ទាំងនៅកម្រិតគ្រួសារសង្គមជាតិ និងពិភពលោក ហើយអាចជំរុញការផ្សះផ្សាគ្នា ដើម្បីបង្កើតវប្បធម៌គ្រួសារសកលលោកតែមួយ។
*ទី៨ ៖ ក្នុងន័យនេះ កិច្ចប្រជុំកំពូលបានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹងគ្រួសារនៃប្រជាជាតិនានាស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពង្រីកបរិយាកាស នៃការជឿទុកចិត្តគ្នា និងភាពសុខដុមរមនាក្នុងសង្គម ដើម្បីឈានទៅរកសន្តិភាព និងវិបុលភាពជាសកល ដែលតំបន់នេះអាចសម្រេចបាននូវសក្តានុពលពិតរបស់ខ្លួននៅលើឆាកអន្តរជាតិ។ កិច្ចប្រជុំកំពូលអំពាវនាវឱ្យមានចក្ខុវិស័យតំបន់ថ្មីមួយក្នុងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិក មាននូវការកកើតឡើងវិញនូវវប្បធម៌ និងសង្គម ដែលបង្កើតឱ្យមានចំណងដ៏រឹងមាំនៅក្នុងសង្គមអាស៊ី។
កិច្ចប្រជុំកំពូលនេះ បានកោតសរសើរ និងកត់សម្គាល់នូវមតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើង ដោយអ្នកចូលរួមនៅក្នុងកម្មវិធីប្រជុំកំពូលនេះ ជាពិសេសអនុសាសន៍សម្រាប់ធ្វើការតាមដាន និងបន្តកម្លាំងជំរុញរចាប់ផ្តើមនៅទីនេះតទៅ។ យើងទាំងអស់ដែលជាអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩-កម្ពុជា៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញ៖