(ភ្នំពេញ)៖ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តនានាដែលមានលក់គ្រឿងស្រវឹង ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១ថ្ងៃ នាថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ។
សារាចរបានបន្តថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្តូតែក រង្គសាល និងបៀរហ្គាឌិននៅទូទាំងរាជធានី-ខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល១ថ្ងៃ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។
៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕