(ភ្នំពេញ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញលិខិតបំភ្លឺ ដោយបានច្រានចោលព័ត៌មាន ដែលគេចោទប្រកាន់លោកថា លោកឃុបឃិត ឬបើកដៃឲ្យប្រធានស្ថានីយថ្លឹងរថយន្ត ប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមលិខិតបំភ្លឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
លិខិតដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំជាប្រធានមន្ទីរ ខ្ញុំមានភារកិច្ចទទួលខុសត្រូវជួសជុល និងថែទាំផ្លូវជាប្រចាំ ខ្ញុំមិនឆោតល្ងង់ឲ្យពួកគេយុបឃិតគ្នាបំផ្លាញផ្លូវ ដែលខ្ញុំខិតខំធ្វើយ៉ាងលំបាកបានទេ។ ដូច្នេះការចោទប្រកាន់ថារូបខ្ញុំឃុបឃិត ឬបើកដៃឲ្យប្រធានស្ថានីយថ្លឹងរថយន្តប្រព្រឹត្តអំពើពុករលួយនោះជាការមិនពិតទេ»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រាប់ទៅនាយកសារព័ត៌មាន គេហទំព័រទាំងអស់ ដែលបានចុះផ្សាយពាក់ព័ន្ធការងាររថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅតាមស្ថានីយថ្លឹងយានយន្តអចល័តក្នុងខេត្តកណ្តាលថា រចនាសម្ពន្ធ័នៃការគ្រប់គ្រងស្ថានីយថ្លឹងរថយន្តទាំង ៤កន្លែង ក្នុងខេត្តកណ្តាល មានដូចខាងក្រោម៖
១៖ គ្រប់ស្ថានីយថ្លឹងរថយន្តទាំងអស់គ្រប់គ្រងដោយផ្ទាល់ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
២៖ ជញ្ជីងថ្លឹងរថយន្ត នៃស្ថានីយនីមួយៗ មានបំពាក់ Camera និងឧបករណ៍ទំនើបបញ្ជូនទិន្ន័យ ព័ត៌មាន រថយន្តឆ្លងកាត់ជញ្ជីង ទៅមជ្ឈមណ្ឌលត្រួតពិនិត្យជាប្រចាំ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
៣៖ ស្ថានីយនីមួយៗ គ្រប់គ្រងដោយក្រុមការងារចម្រុះ មានចំនួន ១១នាក់ ដឹកនាំដោយប្រធាន អនុប្រធាន និងសមាជិកតែងតាំងដោយប្រកាសរបស់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺពួកគាត់អាចបំពេញតួនាទីភារកិច្ចក្នុងស្មារតីទទួលខុសត្រូវតាមប្រកាស អនុក្រឹត្យ និងច្បាប់។
បើតាមប្រធានមន្ទីរសាធារណការខេត្តកណ្តាល ការចោទប្រកាន់ថាលោកអសកម្ម និងអសមត្ថភាពយឺតយាវមិនជួសជុលផ្លូវជាតិលេខ៣ ឲ្យបានលឿន លោកជម្រាបថា ផ្លូវជាតិលេខ៣នេះ ជាគម្រោងធ្វើឲ្យប្រសើរឡើងវិញដោយពង្រីកពី ២កន្លងទៅ ៤កន្លង រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុន CRBC របស់ចិនអនុវត្ត មិនមែនមន្ទីររបស់លោកជាអ្នកធ្វើទេ។ មន្ទីរមានភារកិច្ចសហការជួយសម្របសម្រួល និងជួយផ្តល់ព័ត៌មានជូននាយកគម្រោងតែប៉ុណ្ណោះ។
ចំណែកកំណាត់ផ្លូវជាតិលេខ១, ២, ៤, ៥, ៦, ៣៤, ២១A, ២១B ....។ល។ និងផ្លូវខេត្តមួយចំនួនទៀត មន្ទីរបានខិតខំជួសជុល និងថែទាំជាប្រចាំគ្មានថ្ងៃសម្រាកទេ សូម្បីថ្ងៃបុណ្យថ្ងៃសៅរ៍ អាទិត្យ ក៏ពុំបានសម្រាកដែរ ដោយធ្វើយ៉ាងណាកុំឲ្យមានគ្រលុកសំបុកមាន់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានស្រួល ហើយបានចូលរួមបោសសំអាតផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងតាខ្មៅបាន ៦លើក និងចែកធុងសំរាមសម្រាប់ដាក់តាមទីសាធារណៈ ចំនួន ៥០០ធុងទៀតផង។
លោកបន្តថា «ខ្ញុំសូមសំណូមពរ សុំលោកនាយក គ្រប់សារព័ត៌មាន គេហទំព័រ មេត្តាជួយផ្សព្វផ្សាយដល់ម្ចាស់រថយន្តដឹកទំនិញ សុំកុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ សុំកុំយកថវិកាទៅសូកប៉ាន់មន្រ្តីស្ថានីយឲ្យសោះ សុំមេត្តាចូលរួមថែរក្សាផ្លូវ ដែលបានជួសជុលស្ថាបនារួចហើយ ឲ្យប្រើប្រាស់បានយូអង្វែង ដើម្បីបម្រើផលប្រយោជន៍យើងទាំងអស់គ្នាផ្លូវជាទ្រព្យសម្បត្តិសាធារណៈ និងជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»៕
ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់មន្ទីរសាធារណការខេត្តកណ្តាល៖